(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆ័ន្ទ នៅថ្ងៃពុធសប្តាហ៍នេះ លើសេចក្តីព្រាងច្បាប់មួយ ដែលអំពាវនាវឲ្យក្រសួងការបរទេសអាមេរិក ដាក់ចេញផែនការ ដើម្បីជួយដល់តៃវ៉ាន់ ក្នុងការទទួលបានឋានៈជា អ្នកសង្កេតការណ៍ នៅឯអង្គការសុខភាពពិភពលោក (WHO) ឡើងវិញ ខណៈដែលដែនកោះនេះកំពុងប្រឈមសម្ពាធពីចិន។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

កោះតៃវ៉ាន់មិនត្រូវបានអនុញ្ញាតឱ្យចូលរួម ក្នុងស្ថាប័នអន្តរជាតិភាគច្រើន រួមមានដូចជា អង្គការ WHO នេះជាដើម ដែលជាទីភ្នាក់ងារសុខាភិបាល របស់អង្គការសហប្រជាជាតិ ដោយសារតែការជំទាស់របស់ប្រទេសចិន ដែលនៅតែចាត់ទុកកោះនេះ ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន និងមិនមែនជាប្រទេស ដែលមានអធិបតេយ្យភាពមួយឡើយ។ ចំណាត់ការខាងលើ សំដៅបង្គាប់ឱ្យរដ្ឋមន្រ្តីការបរទេសអាមេរិក បង្កើតយុទ្ធសាស្រ្តច្បាស់លាស់មួយ ដើម្បីឲ្យតៃវ៉ាន់ ទទួលបានឋានៈជាអ្នកសង្កេតការណ៍ឡើងវិញ នៅឯមហាសន្និបាតសុខភាពពិភពលោករបស់ WHO។ ក្រោយការអនុម័ត នៅសភាតំណាងរាស្រ្ត សេចក្តីព្រាងច្បាប់នេះ ត្រូវបានបញ្ជូនទៅកាន់សេតវិមានតែម្តង ព្រោះវាបានឆ្លងព្រឹទ្ធសភា កាលពីខែសីហា ឆ្នាំមុន រួចរាល់ហើយ។ ប្រភពពីសភាអាមេរិក បានរំពឹងថា លោក បៃដិន នឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះ ដើម្បីឱ្យវាក្លាយជាច្បាប់ពេញលេញ។

ដោយជម្រុញឲ្យមានការគាំទ្រលើសេចក្តីព្រាងច្បាប់នេះ, តំណាងរាស្រ្តមកពីគណបក្សប្រជាធិបតេយ្យ លោក ហ្គឺរី ខុនណូលី (Gerry Connolly) បានកោតសរសើរតៃវ៉ាន់ ក្នុងការចាត់វិធានការឆ្លើយតប ចំពោះជំងឺរាត្បាត កូវីដ ១៩ ដោយកត់សម្គាល់ថា តៃវ៉ាន់មាន ករណីឆ្លងត្រឹមតែ ៣៧,០០០នាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជន ២៣.៥លាននាក់ ហើយតៃវ៉ាន់ក៏បានចែករំលែក បទពិសោធន៍ ពីការគ្រប់គ្រងជំងឺរាតត្បាត និងបរិច្ចាកបរិកា្ខរពេទ្យ ជាអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវបានដកហូតឋានៈ ជាអ្នកសង្កេតការណ៍ នៃមហាសន្និបាតសុខភាពពិភពលោក កាលពីឆ្នាំ២០១៧។ ក្រសួងការបរទេសតៃវ៉ាន់ បានបញ្ជាក់ថា រដ្ឋាភិបាលខ្លួនកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីអាចចូលរួមបានឡើងវិញនៅឆ្នាំនេះ ខណៈដែលប្រទេសចិន បានបង្ហាញសញ្ញាថា ខ្លួននឹងមិនគាំទ្រវត្តមាននៃការវិលត្រឡប់របស់តៃវ៉ាន់ នៅឯមហាសន្និបាទនេះទេ៕