(អ៉ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាន់ (Tayyip Erdogan) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់រយៈពេល ២ថ្ងៃ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង រយៈពេលជាច្រើនខែមកហើយ ដោយទីក្រុងអង់ការ៉ា (Ankara) ដើម្បីផ្សះផ្សាទំនាក់ទំនងជាមួយទីក្រុងរីយ៉ាដ (Riyadh) ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

ការិយាល័យប្រធានាធិបតីតួកគី បានគូសបញ្ជាក់ថា លោក Tayyip Erdogan នឹងពិភាក្សាអំពីទំនាក់ទំនងរបស់ទីក្រុង Ankara ជាមួយទីក្រុង Riyadh នៅក្នុងកិច្ចប្រជុំ កំលុងពេលនៃដំណើរទស្សនកិច្ចនេះ ក៏ដូចជាមធ្យោបាយដើម្បីបង្កើន កិច្ចសហប្រតិបត្តិការបន្ថែមទៀត។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹង បន្ទាប់ពីការសម្លាប់អ្នកកាសែតឈ្មោះ ចាម៉ាល់ ខាសូហ្គី (Jamal Khashoggi) នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅក្នុងទីក្រុងអ៉ីស្តង់ប៊ុល (Istanbul)។ លោក Tayyip Erdogan បានចោទប្រកាន់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតថា ជាអ្នកចេញបញ្ជាឱ្យសម្លាប់៕