(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បានប្រាប់ព្រឹទ្ធសភា នៅថ្ងៃពុធសប្តាហ៍នេះថាវាអាស្រ័យ លើអ៊ុយក្រែន ក្នុងការសម្រេចចិត្តថាតើត្រូវពង្រីកជម្លោះជាមួយរុស្ស៉ី ឲ្យហួសពីព្រំដែនរបស់ខ្លួន ឬក៏យ៉ាងណា ខណៈទីក្រុងមូស្គូ បានថោ្កលទោស ប្រទេសលោកខាងលិចជុំវិញការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

ថ្លែងនៅចំពោះមុខគណៈកម្មការព្រឹទ្ធសភា ដែលកំពុងពិចារណាលើថវិកាឆ្នាំ២០២៣ របស់ក្រសួងការបរទេសអាមេរិក លោក Blinken បានគូសបញ្ជាក់ថា «យើងប្តេជ្ញាថានឹងផ្តល់ឲ្យអ៊ុយក្រែននូវអ្វីដែលពួកគេត្រូវការ ដើម្បីទប់ទល់ជាមួយរុស្ស៉ី ប៉ុន្តែវាជាបញ្ហាមួយទៀតថាតើអ៊ុយក្រែន គួរតែចាត់វិធានការឲ្យហួសពីព្រំដែនរបស់ពួកគេឬអត់?»។ លោកបន្ថែមថា «ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ គឺថាវាសំខាន់ណាស់ដែលអ៊ុយក្រែនត្រូវតែ ធ្វើអ្វីដែលចាំបាច់ ដើម្បីការការពារប្រឆាំងនឹងការឈ្លានពានពីសំណាក់រុស្ស៉ី ហើយចំពោះយុទ្ធសាស្រ្តនេះ គឺផ្អែកលើការសម្រេចចិត្តរបស់ពួកគេ»

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានលើកឡើងថា ការអន្តរាគមន៍ពីខាងក្រៅណាមួយ ក្នុងជម្លោះនឹងត្រូវបានឆ្លើយតប យ៉ាងរហ័ស ខណៈដែលក្រសួងការពារជាតិបានចោទប្រកាន់ទីក្រុងឡុងដ៍ ពីបទបង្ករហេតុដោយផ្ទាល់ ក្រោយពីមានការសម្រេចបញ្ជូនសព្វាវុធ ធុនធ្ងន់ ទៅដល់អ៊ុយក្រែន៕