(អូតាវ៉ា)៖ សមាជិកសភាកាណាដា បានបោះឆ្នោតជាឯកច្ឆន្ទ នៅថ្ងៃពុធសប្តាហ៍នេះ ដោយប្រកាសចាត់ទុកការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន ថាជា «អំពើប្រល័យពូជសាសន៍» ជាមួយការអះអាងពីបង្ហាញភស្តុតាងគ្រប់គ្រាន់នៃឧក្រិដ្ឋកម្មសង្គ្រាមជាប្រព័ន្ធប្រឆាំងមនុស្សជាតិ ដែលប្រព្រឹត្ត ដោយមូស្គូ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

សមាជិកសភាកាណាដា បានលើកឡើងយ៉ាងដូច្នេះថា «ឧក្រិដ្ឋកម្មនៃសង្គ្រាមនេះ រួមមានអំពើឃោរឃៅ, ករណីសម្លាប់ជាប្រព័ន្ធលើជនស៊ីវិល អ៊ុយក្រែនដោយចេតនា, ការប្រមាថសាកសព, ការជម្លៀសកុមារអ៊ុយក្រែនដោយបង្ខំ, ការធ្វើទារុណកម្ម, ការធ្វើឲ្យរបួសរាងកាយ ផ្លូវចិត្ត និងការរំលោភ»

កាលពីដើមខែមេសានេះ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ បាននិយាយថា «វាពិតជាត្រឹមត្រូវណាស់ សម្រាប់មនុស្សកាន់តែច្រើនឡើង ក្នុងការពណ៌នាអំពីសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនថា ជាអំពើប្រល័យពូជសាសន៍ ហើយគាំទ្រការចោទប្រកាន់របស់ ចូ បៃដិន ដែលថាសកម្មភាព ឈ្លានពាននៅអ៊ុយក្រែន ស្មើនឹងអំពើប្រល័យពូជសាសន៍ ប៉ុន្តែលោកបានស្នើដល់មេធាវីអន្តរជាតិធ្វើការសម្រេចថាតើការចាត់ទុកនេះ ត្រឹមត្រូវតាមលក្ខណៈវិនិច្ឆ័យដែរឬអត់។ ប៉ុន្តែ ការចោទប្រកាន់បែបនេះត្រូវបានរុស្ស៉ីបដិសេធ។

គួរបញ្ជាក់ថា កាណាដា ស្ថិតក្នុងចំណោមប្រទេសមួយចំនួន ដែលបានដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយនៅថ្ងៃពុធសប្តាហ៍នេះ បានដាក់ទណ្ឌកម្មបន្ថែម លើបុគ្គលរុស្ស៉ី ២០៣នាក់ដែលសមគំនិតក្នុងការប៉ុនប៉ងឱ្យរុស្ស៉ី ក្រសោបយកទីតាំងមួយចំនួននៃតំបន់ Donbas ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន៕