(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុន ឌែរ ឡេយិន (Ursula von der Leyen) បាននិយាយការសម្រេចចិត្តរបស់រុស្ស៉ី ក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសប៉ូឡូញ និងប៊ុលហ្ការី គឺជា «ទង្វើជំរិតទារបា្រក់»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មាននៅឯទីក្រុងព្រុចសែល នៅថ្ងៃពុធសប្ដាហ៍នេះ លោកស្រី វ៉ុន ឌែរ ឡេយិន ក៏បានអះអាងដែរថាការសម្រេចចិត្តរបស់ ក្រុមហ៊ុនឧស្ម័នរុស្ស៉ី ហ្កាសព្រំ (Gazprom) គឺជាទង្វើមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន ដោយវាបានបង្ហាញថារុស្ស៉ីគឺជាអ្នករកស៊ីដែលមិនអាច ទុកចិត្តបាន។

ប៉ុន្តែ វិមានក្រឹមឡាំងបានបញ្ជាក់ថារុស្ស៉ីសម្រេចចិត្តកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប៉ូឡូញ និងប៊ុលហ្ការី គឺដោយសារតែខ្លួនត្រូវបានបង្ខំឱ្យធ្វើ បែបនេះ តាមរយៈ «សកម្មភាពអមិត្ត» របស់បណ្ដាប្រទេសលោកខាងលិច។

គួរបញ្ជាក់ថា រុស្ស៉ី នៅក្នុងសប្ដាហ៍នេះបានប្រកាសកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសប៉ូឡូញ និងប៊ុលហ្ការី បន្ទាប់ពីប្រទេសទាំង២ មិនព្រមបង់ថ្លៃទិញឧស្ម័នជាប្រាក់ «រូប្លិ៍» ហើយក៏បានព្រមានដែរថានឹងធ្វើបែបនេះដូចគ្នាលើប្រទេសអឺរ៉ុបដទៃទៀត ដែលមិនព្រមប្រើប្រាក់រូប្លិ៍ នេះក្នុងការបង់ថ្លៃទិញឧស្ម័ន៕