(ស្តុកខុល)៖ ប្រទេសស៊ុយអែត កំពុងស្វែងរកសំណងពីសហភាពអឺរ៉ុប (EU) លើបរិក្ខារយោធា ដែលខ្លួនបានបញ្ជូនទៅកាន់អ៊ុយក្រែន ចំពោះមុខជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។ នេះបើយោងតាមការដកស្រង់ផ្សាយពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយស៊ុយអែត បានរាយការណ៍ នៅថ្ងៃពុធសប្តាហ៍នេះថាទីក្រុងស្តុកខុល បានយល់ព្រមលើការផ្គត់ផ្គង់ផ្នែកយោធាដល់អ៊ុយក្រែន ក្នុងរយៈពេលពីរខែកន្លងមកនេះ ដោយកាលពីចុងខែកុម្ភៈ បានបញ្ជូនស្បៀង ១៣៥,០០០កញ្ចប់, មួកយោធា ៥,០០០មួក, អាវក្រោះ ៥០០០ សម្រាប់ ព្រមទាំងអាវុធប្រឆាំងរថក្រោះពាក់លើស្មាចំនួន៥,០០០ដើម។

កាលពីចុងខែមីនា ស៊ុយអែតក៏បានអនុម័តផ្តល់ការចែកចាយអាវុធប្រឆាំងរថក្រោះចំនួន៥,០០០ដើមបន្ថែមទៀត រួមទាំងឧបករណ៍ដោះមីនផងដែរ។
កញ្ចប់ជំនួយនេះទាំងពីរនេះមានតម្លៃជាង ៦៥លានដុល្លារ។

ដូច្នេះហើយ បើតាមប្រព័ន្ធផ្សព្វផ្សាយស៊ុយអែត, ស៊ុយអែតកំពុងស្វែងរកសំណងពីសហភាពអឺរ៉ុប សម្រាប់ការចែកចាយរបស់ខ្លួន ដោយលើកឡើង ពីខ្ទង់ចំណាយជាក់ស្តែង។ យ៉ាងណាក៏ដោយ ទីក្រុង ស្ដុកខុល ទំនងជាមិនទទួលបានប្រាក់ចំណេញពីការផ្ដល់បរិក្ខារយោធាឱ្យអ៊ុយក្រែន ទោះជា ទទួលបានសំណងពីសហភាពអឺរ៉ុបវិញក៏ដោយ ផ្ទុយទៅវិញការផ្ដល់ជំនួយឱ្យអ៊ុយក្រែនទៅវិញទេដែលធ្វើឱ្យស៊ុយអែតត្រូវចំណាយលុយ។

គួរបញ្ជាក់ថា ប្រទេសជាច្រើននៅអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក បានសន្យាគាំទ្រដល់ទីក្រុងកៀវ ខណៈដែលមេដឹកនាំលោកខាងលិចមួយចំនួន និង EU បាននិយាយដោយបើកចំហថា ពួកគេចង់ឱ្យរុស្ស៊ី «ចាញ់» អ៊ុយក្រែន នៅលើសមរភូមិ៕