(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បាននិយាយថា ជោគវាសនារបស់អ៊ុយក្រែនកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៅឡើយ ហើយសម្ព័ន្ធមិត្តត្រូវតែត្រៀមខ្លួនសម្រាប់ រយៈពេលដ៏វែងឆ្ងាយទៀត និងចូលរួមបង្កើនការផលិតអាវុធ រួមមានទាំងរថក្រោះ និងយន្តហោះចម្បាំងជាដើម ដើម្បីជួយយោធាអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងរុស្ស៉ី។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

លោកស្រី Liz Truss បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកការទូត និងអ្នកដឹកនាំធុរកិច្ចនៅទីក្រុងឡុងដ៍ ដោយបង្ហាញការសោកស្ដាយពី «ការបរាជ័យ» នៃរចនាសម្ព័ន្ធសន្តិសុខពិភពលោក ដែលគួរតែណាស់តែរារាំងសង្គ្រាម។ លោកស្រីបានសង្កត់ធ្ងន់ដូច្នេះថា «យើងមិនអាចសប្បាយចិត្តទេ... ជោគវាសនារបស់អ៊ុយក្រែននៅតែស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៅឡើយ»

បើតាមក្រុមមន្ត្រីលោកខាងលិច ជ័យជម្នះសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែននឹងបង្កផលវិបាកដ៏អាក្រក់ នៅទូទាំងពិភពលោក ហើយអាវុធធុនធ្ងន់ គួរតែត្រូវបានបញ្ជូនទៅអ៊ុយក្រែន បើទោះបីជាមានហានិភ័យនៃជម្លោះកើនឡើងក៏ដោយ។

លោកស្រី Liz Truss បានបន្ថែមថា «យើងត្រូវតែត្រៀមខ្លួនសម្រាប់ដំណើរដ៏វែងឆ្ងាយ និងបង្កើនការគាំទ្រទ្វេដងរបស់យើងចំពោះអ៊ុយក្រែន។ អាវុធធុនធ្ងន់ដូចជារថក្រោះ យន្តហោះ - ត្រូវតែមានគ្រប់គ្រាន់នៅក្នុងស្តុករបស់យើង ដូច្នេះយើងត្រូវតែបង្កើនការផលិត។ យើងត្រូវធ្វើកិច្ចការ ទាំងអស់នេះ។ ភាពអសកម្ម នឹងជាការបង្ករឿងដ៏ធំបំផុត»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកស្រី Liz Truss ត្រូវបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាយ កាលពីសប្តាហ៍មុនថា ជម្លោះអាចបន្តមានរយៈពេលរហូតដល់ដំណាច់ឆ្នាំ២០២៣៕