(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃពុធសប្តាហ៍នេះ បានហាមសមាជិកសភាអង់គ្លេសចំនួន ២៨៧នាក់ មិនឲ្យចូលក្នុងប្រទេសរបស់ខ្លួនដោយចោទប្រកាន់ពួកគេ ពីបទដុតបញ្ឆេះឲ្យមានការរើសអើងប្រឆាំងនឹងរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

បើតាមក្រសួងការបរទេសរុស្ស៊ី, ការដាក់ទណ្ឌកម្មលើសមាជិកសភាអង់គ្លេសនាពេលនេះ គឺជាការឆ្លើយតបទៅនឹងអង់គ្លេស ដែលបានចាត់វិធានការ ស្រដៀងគ្នានេះដែរលើសមាជិកសភាជាន់ទាបរុស្ស៉ីចំនួន ៣៨៦នាក់ កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅ។ ក្រសួងការបរទេសរុស្ស៉ីបានបញ្ជាក់បន្ថែម ដូច្នេះ «បុគ្គលទាំងនេះ... បានចូលរួមយ៉ាងសកម្មបំផុតក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយរួមចំណែកដុតបញ្ឆេះឱ្យមានគំនិតរើសអើងប្រឆាំងរុស្ស៉ី ក្នុងចក្រភពអង់គ្លេស»។ ក្នុងចំណោមបុគ្គលទាំង២៨៧រូប រួមមានរដ្ឋមន្ត្រីបច្ចុប្បន្ន និងអតីតរដ្ឋមន្ត្រី ព្រមទាំងអតីតសមាជិកសភាមួយចំនួនទៀត។

គួរបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន អង់គ្លេសបានរួមគ្នាជាមួយសម្ព័ន្ធមិត្ត ដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា ប្រឆាំងនឹងមហាសេដ្ឋី ក៏ដូចជាឥស្សរជននយោបាយសំខាន់ៗ របស់ទីក្រុងម៉ូស្គូ រួមទាំងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនផងដែរ។ វិមានក្រឹមឡាំង បានព្រមានទៀតថាចក្រភពអង់គ្លេសពីចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើនៅតែបន្តញុះញង់ឱ្យអ៊ុយក្រែនវាយប្រហារគោលដៅនានា ក្នុងប្រទេសរុស្ស៊ី៕