(វ៉ាស៊ីនតោន)៖ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក គេសង្កេតឃើញថាឥណ្ឌានៅតែប្រកាន់ជំហរអព្យាក្រឹត ដោយ មិនបានថ្កោលទោស ឬក៏ចូលរួមដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូនោះទេ បើទោះជាមានការអំពាវនាវពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេស លោកខាងលិចក៏ដោយ។

មេដឹកនាំលោកខាងលិច តួយ៉ាងដូចជាលោកប្រធានាធិបតី ចូ បៃដិន បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីពេលថ្មីៗនេះ ហើយនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន កាលពីសប្ដាហ៍មុន ក៏បានជិះយន្ដហោះទៅជួបលោក ម៉ូឌីដោយផ្ទាល់ ដល់ទីក្រុងញូវដែលីផងដែរ ដើម្បីសាកល្បងព្យាយាមបញ្ចុះបញ្ចូលឱ្យឥណ្ឌាឈរនៅខាងលោកខាងលិចប្រឆាំងនឹងរុស្ស៉ី។ អមជាមួយការអំពានាវ លោក បៃដិនធ្លាប់បានព្រមានថាការបង្កើនការទិញប្រេងពីរុស្ស៉ី មិនមែនជាផលប្រយោជន៍សម្រាប់ឥណ្ឌានោះទេ។

ប៉ុន្តែមកទល់នឹងម៉ោងនេះ ឥណ្ឌាមិនបានកែប្រែចិត្ត ឬផ្លាស់ប្ដូរគោលជំហរឡើយ ហើយថែមទាំងនៅបន្តទិញប្រេងពីរុស្ស៉ីដែលបានលក់បញ្ចុះតម្លៃ ទៀតផង ដែលនេះត្រូវបានក្រុមអ្នករិះគន់ចាត់ទុកថាជាទង្វើបំផ្លាញដល់កិច្ចខិតខំប្រឹងដាក់ទណ្ឌកម្មខ្ទប់ហិរញ្ញវត្ថុកុំឱ្យវិមានក្រឹមឡាំងមានលុយកាក់ យកទៅធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters, ឥណ្ឌានៅតែបន្តទិញប្រេងក្នុងតម្លៃថោកពីរុស្ស៉ី ដោយទិញក្នុង ចំនួនដ៏ច្រើននារយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំ២០២២ ឬមានបរិមាណប្រហាក់ប្រហែលកាលពីឆ្នាំ២០២១ដែរ។ កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ឥណ្ឌា បានបោះឆ្នោតអនុបវាទនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពីការព្យួរសមាជិកភាពរុស្ស៉ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស។

ជាទម្លាប់របស់សហរដ្ឋអាមេរិក និងលោកខាងលិច, បើប្រទេសនោះមិនមែនជាឥណ្ឌា ម្ល៉េះពួកគេប្រហែលជាមិនអាចរួចខ្លួនឡើយ។ ដូច្នេះតើឥណ្ឌា មានលក្ខណៈពិសេសអ្វីទៅ ទើបអាមេរិកមិនហ៊ានធ្វើឱ្យទាស់ចិត្តបែបនេះ?

* ហេតុអ្វីឥណ្ឌាសំខាន់ចំពោះសហរដ្ឋអាមេរិក?
មែនទែនទៅ, ទាំងសហរដ្ឋអាមេរិក និងឥណ្ឌាសុទ្ធតែដឹងនៅក្នុងចិត្តរៀងៗខ្លួនថាពួកគេមានសារៈសំខាន់ចំពោះគ្នាទៅវិញទៅមក ហើយរឹតតែសំខាន់ នោះគឺប្រទេសទាំង២ មានការបារម្ភដូចគ្នាពីការកើនឡើងនៃឥទ្ធិពលសេដ្ឋកិច្ច និងយោធាចិន។ នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនពីង, កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនប្រជាជនចិន (PLA) បានក្លាយជាកងទ័ពជើងទឹកធំជាងគេបំផុតនៅលើពិភពលោក រីឯកងទ័ព អាកាសវិញ មានបំពាក់ដោយយន្ដហោះចម្បាំងទំនើបៗ ហើយសូម្បីតែឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន ក៏កំពុងកើនឡើងជាលំដាប់ដែរ។

និយាយពីវ៉ាស៊ីនតោន, ចិនជាសត្រូវភូមិសាស្ត្រនយោបាយធំបំផុត និងគួរឱ្យបារម្ភជាងរុស្ស៉ីទៅទៀត នៅក្នុងស.វទី១នេះ។ រីឯ ឥណ្ឌាគឺជាតួអង្គមិន អាចខ្វះបាន និងជាសមាជិកនៃក្រុមប្រទេស Quad រួមជាមួយអាមេរិក, ជប៉ុន និងអូស្ត្រាលី ដែលជាផ្នែកមួយដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ- ប៉ាស៊ីហ្វិករបស់រដ្ឋបាលោក បៃដិន ដើម្បីខ្ទប់ឥទ្ធិពលចិន។ ដោយឡែក សម្រាប់ឥណ្ឌាវិញ, ក្រៅតែជាគូប្រជែងភូមិសាស្ត្រនយោបាយ និងឥទ្ធិពល ចិន ក៏ជាគូជម្លោះទឹកដីនៅតាមបណ្ដាព្រំដែននៃជួរភ្នំហិរមាឡៃផងដែរ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពចិន និងឥណ្ឌាបានប៉ះទង្គិចគ្នា ដោយហិង្សាជាច្រើនលើក។

ក្ដីកង្វល់រួមពីចិននេះបានស្ដែងឡើងកាន់តែច្បាស់ នៅក្រោយជំនួបរវាងលោក បៃដិន និងលោក ម៉ូឌី និងនៅពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បាននិយាយដោយឥតលាក់លៀមថា ចិនកំពុងព្យាយាមកែប្រែប្រព័ន្ធសណ្ដាប់ធ្នាប់អន្តរជាតិ និងនៅក្នុងតំបន់ ហើយថាសហរដ្ឋអាមេរិក និងឥណ្ឌា គួរតែចាប់យកឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំង២។ ម្លោះហើយ ទោះជាមានការខ្វែងគំនិតគ្នាលើបញ្ហា អ៊ុយក្រែនក៏ដោយ ក៏អាមេរិក និងឥណ្ឌាបានយល់រួចទៅហើយពីជំហររបស់ភាគីរៀងៗខ្លួន។

* ដំឡើងសសៃកដាក់ចិន តែទន់ភ្លន់ដាក់ឥណ្ឌា
ការព្រួយបារម្ភទាំងនេះអាចឱ្យគេយល់បានថាតើហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោន ដំឡើងសសៃករិះគន់ចិន តែមិនហ៊ានគ្រលាស់អណ្ដាតស្ដីឱ្យឥណ្ឌា ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន ខណៈធាតុពិតជាក់ស្ដែងទាំងចិន និងឥណ្ឌាសុទ្ធតែប្រកាន់ជំហរអព្យាក្រឹតដូចគ្នាដោយមិនថ្កោលទោស ហើយក៏មិន គាំទ្រសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន។ មួយវិញទៀត ចិន និងឥណ្ឌា ក៏មានទំនាក់ទំនងយុទ្ធសាស្ត្រជាមួយរុស្ស៉ីដែលពួកគេទាំង២ មិនចង់ឱ្យ ត្រូវបំផ្លាញនោះដែរ។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែកុម្ភៈកន្លងទៅ បានប្រកាសថាទំនាក់ទំនងរវាងប៉េកាំង និងមូស្គូ បានឈានដល់ដំណាក់កាល «គ្មានព្រំដែនកំណត់» ស្របពេលមានការវាយតម្លៃថាច្រើនជាង ៥០ភាគរយនៃបរិក្ខារយោធាដែលឥណ្ឌា នាំចូល មានប្រភពមកពីរុស្ស៉ី។ តែជំហរដូចគ្នា រឿងអ៊ុយក្រែន វាអាចត្រឹមជារឿងចៃដន្យប៉ុណ្ណោះ ដ្បិតចិន និងឥណ្ឌាមិនត្រូវគ្នាលើសំណុំរឿងច្រើន រាប់មិនអស់ ហើយណាមួយគេសង្កេតឃើញថាខណៈព្យាយាមរក្សាទំនាក់ទំនងជាមួយរុស្ស៉ី ឥណ្ឌាក៏ព្យាយាមកាត់បន្ថយការខ្វែងគំនិតគ្នាជាអាមេរិក ដែរ ខុសពីចិនដែលឆ្លៀតរិះគន់អាមេរិក និង NATO ថាជាដើមហេតុនាំឱ្យសង្រ្គាមផ្ទុះឡើង។

* ទំនាក់ទំនងដ៏ស្មុគស្មាញ
សហរដ្ឋអាមេរិក ប្រហែលជាកំពុងទទួលស្គាល់ដែរថាទំនាក់ទំនងរវាងឥណ្ឌា និងរុស្ស៉ីជាទំនាក់ទំនងដើរតាមប្រវត្តិសាស្ត្រ ខុសពីទំនាក់ទំនងជាមួយ លោកខាងលិច។ ជាក់ស្ដែង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន ធ្លាប់បានកត់សម្គាល់ថាទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៉ី មានការអភិវឌ្ឍទៅមុខជានិច្ចក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ជាពេលមួយដែលសហរដ្ឋអាមេរិកមិនទាន់អាចក្លាយជាដៃគូរបស់ឥណ្ឌា។

ការលើកឡើងបែបនេះរបស់លោក ប្ល៊ីនខិន ហាក់ដូចជាចង់សំដៅលើសម័យសង្រ្គាមត្រជាក់រវាងអាមេរិក និងអតីតសហភាពសូវៀត ជាពេលដែល ឥណ្ឌាប្រកាសធ្វើជាប្រទេសមិនចូលបក្សសម្ព័ន្ធ។ ប៉ុន្តែ បន្តិចម្ដងៗ ឥណ្ឌាបានចាប់ផ្ដើមមានទំនោរងាកទៅរកសូវៀត អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ដ្បិត សហរដ្ឋអាមេរិកនៅពេលនោះ បានចាប់ផ្ដើមផ្ដល់ជំនួយយោធា និងសេដ្ឋកិច្ចដល់ប៉ាគីស្ថានដែលជាគូសត្រូវរបស់ឥណ្ឌា ហើយសូវៀតចាប់ផ្ដើមផ្គត់ផ្គង់ អាវុធឱ្យឥណ្ឌា និងចាំពីពេលនោះមកដែរឥណ្ឌាក៏ក្លាយជាប្រទេសពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលអាវុធពីរុស្ស៉ី មកទល់នឹងសព្វថ្ងៃ។ ជាឧទាហរណ៍ កាលពីឆ្នាំ២០១៨, ឥណ្ឌាបានចុះកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៉ីក្នុងទំហំទឹកប្រាក់ ៥ពាន់លានដុល្លារ ទោះជាមាន ការគំរាមដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ។

* បង់សំណាញ់យកត្រីទាំងអស់
ជំហររបស់ឥណ្ឌា ជុំវិញសង្រ្គាមអ៊ុយក្រែន ត្រូវបានអ្នកជំនាញខ្លះបកស្រាយថាជាការព្យាយាមអនុវត្តនយោបាយការទូតរក្សាតុល្យភាពទំនាក់ទំនង ហើយឆ្លៀតបង់សំណាញ់យកប្រយោជន៍ពីគ្រប់ភាគី មិនថាត្រីធំ ឬត្រីតូចទេ គឺឥណ្ឌាយកទាំងអស់។ ពោលគឺតាមរយៈការរក្សាទំនាក់ទំនងជាមួយរុស្ស៉ី ឥណ្ឌា អាចទិញប្រេងក្នុងតម្លៃថោកពីមូស្គូ។ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក ស៊ែរហ្គៃ ឡារ៉ូវ នៅក្នុងជំនួបជាមួយសមភាគីឥណ្ឌាក្នុងទីក្រុងញូវដែលី ក្នុងខែមេសានេះ បានកោតសរសើរឥណ្ឌាថាចេះវិនិច្ឆ័យការពិតដោយមិនមើលតែមួយជ្រុង ពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន។

ដោយឡែក នៅម្ខាងលោកខាងលិចវិញ, ទំនាក់ទំនងរវាងទីក្រុងញូវដែលី និងលោកខាងលិចបានកើនឡើងជាលំដាប់ចាប់តាំងពីលោក ម៉ូឌីជាប់ឆ្នោត ជានាយករដ្ឋមន្ត្រីឥណ្ឌាកាលពីឆ្នាំ២០១៤មកម្ល៉េះ។ ទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌា និងសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ មានទំហំដល់ទៅច្រើនជាង ១១០ពាន់លានដុល្លារ ធៀបទៅនឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៉ីមានត្រឹមតែ ៨ពាន់លានដុល្លារប៉ុណ្ណោះហើយប៉ុន្មានឆ្នាំចុងក្រោយនេះឥណ្ឌា ក៏បានក្លាយជាម៉ូយទិញអាវុធដ៏ធំរបស់សហរដ្ឋអាមេរិកផងដែរ។

ប៉ុន្តែ ក្នុងរយៈពេលខ្លី ឬមធ្យម សហរដ្ឋអាមេរិកនឹងមិនអាចទាញឥណ្ឌាឱ្យចេញពីរុស្ស៉ីបានឡើយ ហើយដោយមាន «សន្លឹកបៀរចិន» នៅក្នុងដៃ ឥណ្ឌា អាចទាញប្រយោជន៍បានទាំងសងខាង រីឯអ្នកដែលនៅតែត្រូវមើលទឹកមុខឥណ្ឌា នោះគឺសហរដ្ឋអាមេរិក៕

ប្រភព៖ CNN (ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២)