(ណៃពិដោ)៖ នៅថ្ងៃចន្ទនេះតុលាការយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលប្រកាសសាលក្រម ក្នុងសំណុំរឿងពុករលួយរបស់ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ដោយក្នុងសំណុំរឿងនេះ លោកស្រីត្រូវប្រឈមមុខនឹង ការជាប់ពន្ធនាគារ១៥ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

សំណុំរឿងពុករលួយដំបូងខាងលើ ដែលស្ថិតក្នុងចំណោមបទចោទប្រកាន់អំពើពុករលួយជាច្រើនទៀត ប្រឆាំងលើរូបលោកស្រី គឺពាក់ព័ន្ធការចោទថា លោកស្រី Suu Kyi បានទទួលសំណូកជាលុយសុទ្ធ៦០០,០០០ ដុល្លារនិងមាស ១១.៤គីឡូក្រាម ពីលោក ប្យូ មិនទៀន (Phyo Min Thein) អតីតអភិបាលតំបន់យុំាងហ្គោន (Yangon) ដែលត្រូវបានគេមើលឃើញថា អាចជាអ្នកបន្តតំណែងពីលោកស្រី។

កាលពីខែតុលា លោក Min Thein បានផ្តល់សក្ខីកម្ម ថា លោកបានផ្តល់ប្រាក់និងមាស ជាថ្នូរនឹងការគាំទ្រ ពីលោកស្រី Suu Kyi ប៉ុន្តែលោកស្រី Suu Kyi បានច្រានចោលការចោទប្រកាន់នេះ ដោយលើកឡើងថា វាមិនសមហេតុផល។ ដោយឡែក រដ្ឋាភិបាលយោធា បានដាក់កម្រិតលើការផ្តល់ព័ត៌មាន ជុំវិញដំណើរការកាត់ក្តីរបស់លោកស្រី និងបានដាក់បញ្ជាលើ មេធាវីរបស់លោកស្រី ក្នុងការតវ៉ាក្តី ស្របពេលដែលសហគមន៍អន្តរជាតិ ហៅថា ជាការកាត់ទោសកំបាំងមុខ។

គួរបញ្ជាក់ថា ក្នុងវ័យ៧៦ឆ្នាំ លោកស្រី Suu Kyi កំពុងស្ថិតក្រោមការឃុំឃាំង នៅទីតាំងដែលមិនត្រូវបានឲ្យដឹង និងមិនអាចចូលទៅសួរសុខទុក្ខបានឡើយ។ កន្លងទៅ លោកស្រី Suu Kyi ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារសរុប៦ឆ្នាំ រួចមកហើយ ក្នុងសំណុំរឿងចំនួន២ផ្សេងទៀត។ លោកស្រីត្រូវបានបណ្តេញចេញពីតំណែង ដោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ និងរងការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើន រាប់ចាប់តាំងពីការញុះញង់, អំពើពុករលួយ រហូតដល់ការរំលោភច្បាប់បោះឆ្នោត និងច្បាប់កិច្ចការសម្ងាត់របស់រដ្ឋ ហើយបើត្រូវតុលាការរកឃើញថា ពិតជាមានទោសដូចការចោទប្រកាន់ទាំងអស់មែននោះ គឺលោកស្រីអាចត្រូវជាប់ពន្ធនាគាររាប់រយឆ្នាំ៕