(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ទីក្រុងប៉េកាំងចាប់ផ្តើមការធ្វើតេស្តទ្រង់ទ្រាយធំ ដើម្បីរកជំងឺ COVID-19 សម្រាប់ប្រជាជនទាំងអស់ ដែលរស់នៅក្នុងសង្កាត់ធំជាងគេរបស់ខ្លួនគឺ សង្កាត់ ឆាវយ៉ាង (Chaoyang) ដែលជាហេតុនាំឱ្យមនុស្សម្នា នាំគ្នាស្តុកទុកស្បៀងអាហារ ដោយសារក្តីបារម្ភថា ទីបំផុតអាចនឹងមានការអនុវត្តវិធានការបិទខ្ទប់តឹងរ៉ឹង ដូចនៅទីក្រុងសៀងហៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

អាជ្ញាធរនៅសង្កាត់ Chaoyang ដែលមានមនុស្សរស់នៅសរុប៣.៤៥លាននាក់ កាលពីថ្ងៃអាទិត្យម្សិលមិញ បានចេញបញ្ជាឱ្យ ប្រជាជនទាំងអស់ដែលស្នាក់នៅ និងធ្វើការនៅទីនោះ ត្រូវទៅទទួលការធ្វើតេស្តរក COVID-19 ក្នុងសប្តាហ៍នេះ ខណៈទីក្រុងប៉េកាំង បានព្រមានថា វីរុសបានរាតត្បាតដោយស្ងាត់ៗ នៅក្នុងទីក្រុងនេះ អស់រយៈពេលប្រមាណជា១សប្តាហ៍ហើយ មុនពេលករណីដំបូង ត្រូវបានរកឃើញ។

ចាប់ពីថ្ងៃសុក្រសប្តាហ៍មុនមក ទីក្រុងប៉េកាំងបានរាយការណ៍ករណីឆ្លងក្នុងសហគមន៍សរុប៤៧នាក់ ដោយភាគច្រើនស្ថិតនៅសង្កាត់ Chaoyang។ ការធ្វើតេស្ត COVID-19 ទ្រង់ទ្រាយធំ សម្រាប់សង្កាត់ Chaoyang ត្រូវធ្វើឡើងសរុបចំនួន៣លើក គឺនៅថ្ងៃចន្ទ, ថ្ងៃពុធ និងថ្ងៃ សុក្រសប្តាហ៍នេះ។

គួរបញ្ជាក់ថា តួលេខករណីឆ្លងក្នុងរដ្ឋធានីរបស់ចិននេះ គឺនៅទាបខ្លាំងនៅឡើយ បើធៀបនឹងប្រទេសដទៃទៀត ក៏ដូចជាតួលេខរាប់ម៉ឺននាក់ នៅទីក្រុងសៀងហៃ ដែលបានបន្តស្ថិតក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ជាច្រើនសប្តាហ៍មកហើយ និងទើបតែបានរាយការណ៍ពីករណីឆ្លងថ្មីៗ ជិត២០,០០០នាក់ ភាគច្រើនជាករណីឆ្លងមិនចេញរោគសញ្ញា រួមជាមួយករណីស្លាប់៥១នាក់ទៀត៕