(កាប៊ុល)៖ រដ្ឋមន្ត្រីការពារជាតិស្ដីទីនៃប្រទេសអាហ្វហ្កានីស្ថាន លោក មុលឡោះ មហាំម៉ាត់ យ៉ាក់កូប (Mullah Mohammad Yaqoob) បាននិយាយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថា រដ្ឋបាលតាលីបង់នឹងមិនអត់ឱនចំពោះ «ការឈ្លានពាន» ពីប្រទេសជិតខាងរបស់ខ្លួនទេ បន្ទាប់ពីមានការតវ៉ា ប្រឆាំងនឹងការវាយប្រហារតាមអាកាស ដែលខ្លួនចោទថាធ្វើឡើងដោយប៉ាគីស្ថាន ជាប្រទេសក្បែរខាង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

ការអត្ថាធិប្បាយនេះរបស់លោក មហាំម៉ាត់ យ៉ាក់កូប កើតឡើងបន្ទាប់ពីរដ្ឋបាលតាលីបង់ បានស្តីបន្ទោសប៉ាគីស្ថានចំពោះការវាយប្រហារតាមអាកាស ដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងខេត្ត គូណារ (Kunar) និងខូសត៍ (Khost)។

លោកបានបញ្ជាក់នៅក្នុងពិធីមួយប្រារព្ធឡើង ក្នុងទីក្រុងកាប៊ុល ដើម្បីរំលឹកខួបនៃមរណភាពឪពុករបស់លោក និងជាស្ថាបនិកតាលីបង់ គឺលោក មុលឡោះ មហំាម៉ាត់ អ៊ូមើត (Mullah Mohammad Omar) ដូច្នេះថា «យើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមទាំងពីពិភពលោក និងប្រទេសជិតខាងរបស់យើង ដែលជាឧទាហរណ៍ជាក់ស្តែង នោះគឺ ការឈ្លានពានដោយពួកគេនៅក្នុងទឹកដីរបស់យើងក្នុងខេត្ត Kunar។ យើងមិនអាចទ្រាំទ្រនឹងការឈ្លានពាននេះបានទេ។ យើងបានអត់ឱនចំពោះ ការវាយប្រហារនោះ។ យើងអត់ឱនដោយសារតែផលប្រយោជន៍ជាតិ ប៉ុន្តែលើកក្រោយ យើងប្រហែលជាមិនអត់ឱនទៀតនោះទេ»

គួរបញ្ជាក់ថា បើតាមប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ការវាយប្រហារដោយឧទ្ធម្ភាគចក្រយោធា ប៉ាគីស្ថាននៅក្នុងខេត្ត Khost និង Kunar កាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅ បានសម្លាប់មនុស្សចំនួន ៣៦នាក់ ក្នុងនោះក៏មានកុមារចំនួន ២០នាក់ផងដែរ៕