(កៀវ)៖ ក្រសួងការពារជាតិអង់គ្លេសបានឲ្យដឹងថា រុស្ស៊ីគ្រោងនឹងរៀបចំការបោះឆ្នោតប្រជាមតិ នៅទីក្រុង ខឺសុន (Kherson) ភាគខាងត្បូង អ៊ុយក្រែន ក្នុងគោលបំណងបង្ហាញពីភាពត្រឹមត្រូវលើការកាន់កាប់ទីក្រុងនេះពីសំណាក់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

បើតាមព័ត៌មានសម្ងាត់ស្តីពីអ៊ុយក្រែន របស់ក្រសួងការពារជាតិអង់គ្លេស ដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ, «ទីក្រុង Kherson គឺជាទីក្រុងដ៏សំខាន់ដែលរុស្ស៉ី ចង់សាងសង់ស្ពានភ្ជាប់ទៅកាន់ទឹកដីគ្រីមៀ (Crimea) និងដើម្បីឆ្ពោះទៅគ្រប់គ្រងភាគខាងត្បូង អ៊ុយក្រែនទាំងមូល»

គួរបញ្ជាក់ថា រុស្ស៉ី ធ្លាប់ធ្វើប្រជាមតិស្តីពីការបញ្ចូលតំបន់ Crimea ក្នុងសហព័ន្ធរុស្ស៉ី កាលពីឆ្នាំ២០១៤ ហើយការរៀបចំឲ្យមានការបោះឆ្នោត ពីសំណាក់ប្រជាជនក្នុងតំបន់នេះ គឺមានគោលបំណងដើម្បីបង្ហាញពីភាពត្រឹមត្រូវរបស់រុស្ស៉ី ក្នុងការក្រសោបយកឧបទ្វីបមួយ ដែលលោកខាងលិច ចាត់ទុកថាជាទង្វើខុសច្បាប់៕