(ហ្សូរិច)៖ ប្រទេសស្វីស បានជំទាស់ទៅនឹងសំណើរបស់អាល្លឺម៉ង់ ដែលចង់ឱ្យខ្លួននាំចេញឡើងវិញនូវគ្រាប់រំសេវ សម្រាប់ប្រើនៅក្នុងរថពាសដែក Marder ដែលគ្រោងនឹងបញ្ជូនទៅឱ្យអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយ របស់ទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

ស្វីស ត្រូវបានគេចាត់ទុកជាប្រទេសអព្យាក្រឹត ដោយមិនចូលរួមពាក់ព័ន្ធក្នុងជម្លោះប្រដាប់អាវុធ ឬនយោបាយ រវាងរដ្ឋដទៃទៀតទេ។ បើតាម សេចក្តីរាយកាណ៍របស់កាសែតស្វីស ហ្សុនថាក ហ្សៃធុង (SonntagsZeitung) រថពាសដែក Marder ត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិត អាវុធអាល្លឺម៉ង់ រ៉ែនមេថល (Rheinmetall) ហើយប្រើប្រាស់គ្រាប់រំសេវដែលផលិតដោយប្រទេសស្វីស។ ប៉ុន្តែស្វីសបានដាក់កំហិតលើការនាំចេញ នូវសម្ភារសង្គ្រាមបែបនេះ ទៅកាន់តំបន់ជម្លោះ។

កាសែត SonntagsZeitung តាមរយៈការដកស្រង់សម្តីអ្នកនាំពាក្យរបស់លេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច នៃប្រទេសស្វីស (SECO) បានឱ្យដឹងថា «ស្វីសបានទទួលសំណើចំនួន២ ពីប្រទេសអាល្លឺម៉ង់ អំពីការផ្ទេរគ្រាប់យុទ្ធភណ្ឌ ទៅឱ្យអ៊ុយក្រែន ហើយសំណើទាំង២នេះត្រូវបានឆ្លើយតបជា អវិជ្ជមាន ដោយយោងទៅលើអព្យាក្រឹតភាពរបស់ស្វីស និងលក្ខណៈវិនិច្ឆ័យលើកាតព្វកិច្ចនៃច្បាប់សឹកសង្រ្គាម»។ ទោះយ៉ាងណា ភ្លាមៗ SECO មិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះទេ។

គួរបញ្ជាក់ថា ព័ត៌មានខាងលើត្រូវបានចេញផ្សាយចំពេលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) កំពុងប្រឈមមុខនឹងការរិះគន់ កាន់តែខ្លាំងឡើង ចំពោះការបរាជ័យរបស់រដ្ឋាភិបាល ក្នុងការផ្តល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន ដើម្បីជួយប្រទេសនេះទប់ទល់នឹងការវាយប្រហាររបស់ រុស្ស៊ី ខណៈសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតដូចជាអាមេរិក កំពុងបង្កើនការដឹកជញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន៕