(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ តុលាការក្រុងឡុងដ៍របស់អង់គ្លេសបានអនុញ្ញាតជាផ្លូវការ ឱ្យធ្វើបត្យាប័នលោក Julian Assang ដែលជាស្ថាបនិកវេបសាយ Wikileaks ទៅសហរដ្ឋអាមេរិក ការនេះបានបណ្តាលឱ្យភាគីជាច្រើន ចោទជាមន្ទិលសង្ស័យនិងធ្វើការតវ៉ា។ លោក Kristinn Hrafnsson និពន្ធនាយកនៃវេបសាយ Wikileaks បានលើកឡើងថា ទង្វើរបស់អាមេរិកនិងអង់គ្លេសនេះគឺ «ហាក់ដូចជាកាត់ទោសប្រហារជីវិតចំពោះលោក Julian Assang»។

ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅ ហេតុអ្វីបានជារដ្ឋាភិបាលអាមេរិកដេញតាមលោក Julian Assang មិនដាច់? មូលហេតុគឺដោយមកពីលោក បានលាតត្រដាងរឿងអាស្រូវមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលនាំឱ្យសហរដ្ឋអាមេរិកបាក់មុខយ៉ាងខ្លាំង។ រឿងរបស់លោក Julian Assang ធ្វើឱ្យអ្នកទាំងអស់គ្នាឃើញច្បាស់ថា នៅសហរដ្ឋអាមេរិកគ្មាន «សេរីភាព» អ្វីនោះទេ នេះគ្រាន់តែជាលេសនិងឧបករណ៍សម្រាប់ អ្នកនយោបាយអាមេរិកវាយប្រហារប្រទេសដទៃទៀតប៉ុណ្ណោះ។

កាលពីឆ្នាំ២០១០ វេបសាយ Wikileaks ដែលបង្កើតឡើងដោយលោក Assang បានប្រកាសឯកសារសម្ងាត់ជាច្រើន របស់រដ្ឋាភិបាលអាមេរិក អំពីសង្គ្រាមអាហ្វហ្កានីស្ថាននិងសង្គ្រាមអ៊ីរ៉ាក់ ក្នុងនោះ បូករួមទាំងខ្លឹមសារដូចជាការទម្លាក់គ្រាប់បែក ពីអាកាសទៅលើប្រជាជនស៊ីវិលនិងការធ្វើទារុណកម្មដ៏ឃោរឃៅជាដើម។ បន្ទាប់មក លោក Assang ក៏បានប្រកាសរឿងអាស្រូវមួយចំនួន របស់រដ្ឋាភិបាលអាមេរិកថែមទៀត ដូច្នេះ លោកបានក្លាយជាបន្លាក្នុងកែវភ្នែករបស់រដ្ឋាភិបាលអាមេរិក។ កាលពីខែមិថុនាឆ្នាំ២០១២ លោក Assang បានស្វែងរកសិទ្ធិជ្រកកោននយោបាយពីស្ថានទូតអេក្វាឌ័រប្រចាំនៅក្រុងឡុងដ៍។ កាលពីខែមេសាឆ្នាំ២០១៩ ស្ថានទូតអាក្វាឌ័របានប្រគល់លោក Assang ទៅឱ្យភាគីអង់គ្លេស បន្ទាប់មកភាគីអាមេរិកបានចេញផ្សាយ សេចក្តីស្នើសុំអំពីការធ្វើបត្យាប័ន ។

រឿងរបស់លោក Assang បាននាំឱ្យពិភពលោកឃើញច្បាស់ពីធាតុពិតនៃ «សិទ្ធិមនុស្ស» និង «ប្រជាធិបតេយ្យ» ដែលសហរដ្ឋអាមេរិកបាននិយាយបំផ្លើសនោះ។ ក្នុងនាមជាជនជាតិអូស្ត្រាលីម្នាក់ដែលរស់នៅក្នុងប្រទេសអង់គ្លេស លោក Assang លាតត្រដាងបទឧក្រិដ្ឋកម្មក្នុងសង្គ្រាម និងភស្តុតាងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត របស់សហរដ្ឋអាមេរិក បានបណ្តាលឱ្យរដ្ឋាភិបាលអាមេរិកខ្លឹងសម្បាយ៉ាងខ្លាំង។ រដ្ឋាភិបាលអាមេរិកបានទាមទារឱ្យធ្វើបត្យាប័នលោក Assang ជាច្រើនលើក នេះជាការសងសឹករបស់យុត្តិធម៌អាមេរិកដោយឆ្លៀតប្រើ «ការលូកដៃគ្រប់គ្រង»។

មិនថាលោក Assange និងលោក Edward Snowden ឬក៏លោក Perer Arnett អ្នកសារព័ត៌មានល្បីឈ្មោះរបស់សហរដ្ឋអាមេរិក ដែលបានបាត់បង់ការងារដោយសារ បាននិយាយត្រង់ៗថា សហរដ្ឋអាមេរិកបាន «ទទួលបរាជ័យ» ក្នុងសង្គ្រាមអ៊ីរ៉ាក់ វាសនារបស់ពួកគេហាក់ដូចជាកញ្ចក់មួយ ដែលបានបញ្ចាំងពីភាពក្លែងក្លាយនិងអាក្រក់នៃ «សេរីភាពបែបអាមេរិក»។

កាលពីខែមករាឆ្នាំនេះ លោក Andrés Manuel López Obrador ប្រធានាធិបតីម៉ិកស៊ិកបានថ្លែងថា មុនពេលលោកត្រាំ អតីតប្រធានាធិបតីអាមេរិកបញ្ចប់អាណត្តិ លោកធ្លាប់សរសេរសារលិខិតមួយច្បាប់ឱ្យលោកត្រាំ ដើម្បីទាមទារឱ្យដោះលែងលោក Assange ។ លោក Obrador បានថ្លែងទៀតថា «ខ្ញុំបានផ្ញើសារលិខិតនោះ តែមិនដែលទទួលបានការឆ្លើយតបវិញអីទេ។» ក្រោម «ស្តង់ដារពីរបែបអាមេរិក» ដែលល្បីឈ្មោះនៅទូទាំងពិភពលោក នេះគឺជាសារលិខិតមួយ ដែលមិនអាចទទួលបានការឆ្លើយតបមកវិញ៕