(កៀវ)៖ នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថារុស្ស៉ីបានដាក់ពង្រាយប្រព័ន្ធមីស៊ីល Iskander នៅ ចម្ងាយត្រឹមតែ ៦០គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២។

នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានពេលព្រឹករបស់ខ្លួន នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបញ្ជាក់ដូច្នេះថា «ពួកសត្រូវបាន បង្កើនចំនួនកងទ័ពនៅក្នុងតំបន់ បែលហ្កូរ៉ូត (Belgorod) តាមរយៈការផ្ទេរ និងការប្រមូលផ្ដុំកងកម្លាំងបន្ថែម ហើយបើតាមព័ត៌មានដែលយើង ទទួលបាន, ប្រព័ន្ធមីស៊ីល Iskander ត្រូវបានដាក់ពង្រាយនៅចម្ងាយ ៦០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន»។ ប៉ុន្តែ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន មិនបានបញ្ជាក់លម្អិតអ្វីបន្ថែមនោះទេ។

គួរបញ្ជាក់ថា Belgorod ជាទីក្រុង និងជាតំបន់រដ្ឋបាលនៃតំបន់ Belgorod របស់រុស្ស៉ីស្ថិតនៅភាគខាងជើងនៃព្រំដែនជាប់ជាមួយអ៊ុយក្រែន។ រីឯ Iskander គឺជាប្រព័ន្ធមីស៊ីលផ្លោងមួយដែលត្រូវបាន NATO ដាក់ឈ្មោះឱ្យថា SS-26 Stone និងអាចបាញ់បានក្នុងចម្ងាយ ៥០០គីឡូម៉ែត្រ ឡើងទៅ ដោយវាក៏អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានផងដែរ៕