(ប៉ារីស)៖ ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបារាំង បានបើកទ្វារហើយនៅព្រឹកម៉ោង ៨ ថ្ងៃអាទិត្យនេះ (ម៉ោងនៅប៉ារីស) សម្រាប់ការបោះឆ្នោតប្រធានាធិបតីជុំទី២ និងជាជុំចុងក្រោយដែលនឹងសម្រេចថាតើលោក អេម៉ានុយអែល ម៉ាក្រុង នៅតែអាចរក្សាតំណែង ឬក៏លោកស្រី ម៉ារីន ឡឺប៉ែននឹងក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់បារាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២។

នៅក្នុងការបោះឆ្នោតជុំទី១ កាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ, លោក ម៉ាក្រុង មានអាយុ ៤៤ឆ្នាំ ទទួលបានសំឡេងគាំទ្រ ២៧.៨ភាគរយ ខណៈលោកស្រី ឡឺប៉ែន មានអាយុ៥៣ឆ្នាំ និងជាអ្នកនយោបាយសាំ្ដនិយមជ្រុលទទួលបាន ២៣.១ភាគរយ។ បើតាមការស្ទង់មតិ លោក ម៉ាក្រុង នៅតែអាចយកឈ្នះលើលោកស្រី ឡឺប៉ែន នៅក្នុងការបោះឆ្នោតជុំចុងក្រោយនេះ តែនេះគ្រាន់តែជាការស្ទង់មតិប៉ុណ្ណោះ ហើយអ្វីដែលគេដឹង នោះគឺលោកស្រី ឡឺប៉ែន កំពុងធ្វើបានល្អប្រសើរជាងកាលពី៥ឆ្នាំមុន។

គួរបញ្ជាក់ថា ប្រជាជនបារាំង ៤៨.៧លាននាក់បានចុះឈ្មោះបោះឆ្នោត ហើយលទ្ធផលនឹងត្រូវចេញផ្សាយបណ្ដើរៗ នៅម៉ោង ៨យប់ ថ្ងៃអាទិត្យនេះ៕