(នីហ្សេរីយ៉ា)៖ អាជ្ញាធរនៅក្នុងប្រទេសនីហ្សេរីយ៉ា បានឱ្យដឹងថាមនុស្សច្រើនជាង ១០០នាក់់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ផ្ទុះមួយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នៅឯរោចក្រចម្រាញ់ប្រេងខុសច្បាប់មួយកន្លែងស្ថិតនៅព្រំដែនរវាងរដ្ឋ Rivers និងរដ្ឋ Imo។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្នងការរដ្ឋទទួលបន្ទុកធនធានប្រេងឥន្ធនៈ លោក ហ្គូតឡាក់ អូពីយ៉ាស់ (Goodluck Opiah) បានបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះនៅឯឃ្លាំងខុសច្បាប់មួយ ហើយមានមនុស្សច្រើនជាង ១០០នាក់ស្លាប់ដោយសារភ្លើងឆេះមើលលែងស្គាល់។ តែលោក មិនបានបញ្ជាក់លម្អិតពីមូលហេតុដែលបណ្ដាលឱ្យមានការផ្ទុះ និងអគ្គិភ័យនេះទេ។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២១, មនុស្សយ៉ាងហោច ២៥នាក់ ក្នុងនោះរួមមានទាំងកុមារ ក៏បានស្លាប់បាត់បង់ជីវិតផងដែរ ក្នុងហេតុការណ៍ផ្ទុះ និងអគ្គិភ័យឆាបឆេះរោងចក្រចម្រាញ់ប្រេងខុសច្បាប់មួយផ្សេងទៀត នៅក្នុងរដ្ឋ Rivers នៃប្រទេសនីហ្សេរីយ៉ា៕