(បែរឡាំង)៖ កាសែត បៀល អាំ ហ្សុនថាក (Bild am Sonntag) បានរាយការណ៍ថាប្រទេសអាល្លឺម៉ង់នឹងទិញឧទ្ធម្ភាគចក្រដឹកជញ្ជូនធុនធ្ងន់ ប្រភេទ CH-47F Chinook ចំនួន ៦០គ្រឿង គិតទឹកប្រាក់ប្រហែល ៥ពាន់លានអឺរ៉ូ ឬស្មើនឹង ៥.៤០ពាន់លានដុល្លារ ពីក្រុមហ៊ុនអាមេរិក Boeing។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២។

កាសែត Bild am Sonntag ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាល្លឺម៉ង់ បានឱ្យដឹងទៀតថាថវិកាទិញឧទ្ធម្ភាគចក្រខាងលើ នឹងត្រូវយកចេញពីកញ្ចប់ថវិកាពិសេស សម្រាប់វិស័យយោធា ១០០ពាន់លានអឺរ៉ូ ដែលត្រូវបានប្រកាសដោយលោកអធិការបតី អូឡាហ្វ សូលស៍ (Olaf Scholz) កាលពីពេលថ្មីៗនេះ ក្រោយរុស្ស៉ីលុកលុយចូលអ៊ុយក្រែន។ កាសែតអាល្លឺម៉ង់មួយនេះបានបន្ថែមថាឧទ្ធម្ភាគចក្រ ខាងលើអាចនឹងត្រូវប្រគល់ នៅឆ្នាំ២០២៥-២០២៦ ដើម្បីយកមកជំនួសឧទ្ធម្ភាគចក្រ CH-53G ដែលមានអាយុកាលជាង ៥០ឆ្នាំទៅហើយ។

គួរបញ្ជាក់ថា បើតាមកាសែត Bild am Sonntag, រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡំប្រិច (Christine Lambrecht) នឹងជូន ដំណឹងពីផែនការទិញឧទ្ធម្ភាគចក្រ ពីក្រុមហ៊ុនអាមេរិក Boeing ដល់សភាជាតិនៅសប្ដាហ៍ក្រោយ។ ប៉ុន្តែ មន្ត្រីម្នាក់មកពីក្រសួងការពារជាតិ អាល្លឺម៉ង់បានបញ្ជាក់ថាមិនទាន់មានការសម្រេចចិត្តផ្លូវការណាមួយពាក់ព័ន្ធនឹងការទិញឧទ្ធម្គាគចក្រនេះនៅឡើយទេ៕