(ព្រុចសែល)៖ មធ្យោបាយមួយដែលស្នើឡើងដោយ គណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធសប្តាហ៍នេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ EU អាចទូទាត់ថ្លៃឧស្ម័នជាលុយរូប៊ល (ruble) តាមការទាមទាររបស់រុស្ស៉ី ដោយមិនល្មើសទណ្ឌកម្មរបស់ EU បាន។ នេះបើតាមការដកស្រង់ ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។

កាលពីដើមខែមេសានេះ ក្រឹត្យមួយដែលចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចូលជាធរមាន ដោយវាតម្រូវឱ្យ ប្រទេសទាំងឡាយណា ដែលទីក្រុងមូស្គូកត់ឈ្មោះចូលបញ្ជីប្រទេសមិនរាក់ទាក់ ដោយសារតែការដាក់ទណ្ឌកម្មលើរុស្ស៉ី ជុំវិញវិបត្តិនៅអ៊ុយក្រែន ត្រូវតែទូទាត់ថ្លៃឧស្ម័នជាលុយរូប៊ល ខណៈបើមិនដូច្នោះទេរុស្ស៉ីនឹងផ្តាច់ការផ្គត់ផ្គង់។

គួរបញ្ជាក់ថា នៅក្រោមសំណើខាងលើរបស់គណៈកម្មការអឺរ៉ុប គឺក្រុមហ៊ុននានារបស់ EU អាចផ្ទេរការទូទាត់របស់ពួកគេជាលុយអឺរ៉ូ (euro) ឬក៏ដុល្លារ (dollar) បាន ទៅកាន់ធនាគារនៅឯប្រទេសរុស្ស៉ី រួចហើយទើបលុយទាំងនោះ នឹងត្រូវប្តូរទៅជាលុយរូប៊ល៕