(មូស្គូ)៖ លោក ឌីមីឌ្រី រ៉ូហ្កោហ្ស៊ីន (Dmitry Rogozin) ប្រធានទីភ្នាក់ងារអវកាសរបស់រុស្ស៉ី រ៉ូសកូម៉ូស (Roscosmos) បាននិយាយនៅថ្ងៃសុក្រ សប្តាហ៍នេះថា មីស៊ីលផ្លោងអន្តរទ្វីបឈ្មោះ Sarmat របស់រុស្ស៉ី នឹងមានកម្លាំងខ្លាំងជាង អាវុធយុទ្ធសាស្រ្តផ្សេងទៀត រួមទាំងមីស៊ីល Minuteman-III របស់សហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

ថ្លែងក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តទូរទស្សន៍ Rossiya 24 លោក Rogozin បានលើកឡើងថា «Sarmat គឺជាមីស៊ីល ដ៏មានអានុភាព និង ខ្លាំងជាងមីស៊ីល Minuteman-III ដែលត្រូវបានប្រើ ដោយសហរដ្ឋអាមេរិក ហើយក្បាលគ្រាប់របស់វា អាចនឹងទម្លុះទឹកដីម្ខាងទៀត»។ លោកបន្ថែមថា យោងតាមទិន្នន័យ គ្រាប់រ៉ុក្កែតនេះ អាចនឹងធ្វើឲ្យ ទាំងប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក និង ណាតូ ដែលមានស្រាប់ និងពេលអនាគត ងាយនឹងរងគ្រោះ ដែលនេះគឺជាជោគជ័យមួយដ៏ធំ សម្រាប់អ្នកជំនាញរបស់យើង។

គួរបញ្ជាក់ថា Sarmat ត្រូវបានបង្កើតឡើង នៅឯមជ្ឈមណ្ឌល រ៉ុក្តែតរដ្ឋ ម៉ាកេយ៉េវ (Makeyev) ដែលជាផ្នែកមួយនៃ Roscosmos។ តាមការប៉ាន់ប្រមាណ របស់អ្នកជំនាញ វាមានសមត្ថភាព បញ្ជូនក្បាលគ្រាប់ទម្ងន់រហូតដល់១០តោន ទៅកាន់ចំណុចណាមួយនៃពិភពលោក ទាំងឆ្លងកាត់ប៉ូលខាងជើង និងខាងត្បូង។ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងការពារ
ជាតិរុស្ស៉ី បានរាយការណ៍ថា រុស្ស៉ី បានធ្វើតេស្តដោយជោគជ័យ នូវមីស៊ីលផ្លោងអន្តរទ្វីបប្រភេទនេះ៕