(អ៉ីស្លាមបាដ)៖ ក្រុមប្រឹក្សាសន្តិសុខជាតិប៉ាគីស្ថាន កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានច្រានចោលការចោទប្រកាន់របស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៉ីមរ៉ន ខាន់ (Imran Khan) ដែលថាសហរដ្ឋអាមេរិកបានគប់គិតជាមួយមេដឹកនាំស៉ីវិល និងយោធា ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកតាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្តរបស់សភា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។

លោក Imran Khan អាយុ ៦៩ឆ្នាំដែលបានដឹកនាំប្រទេសអាស៊ីខាងត្បូងដែលមានអាវុធនុយក្លែអ៊ែរ និងមានប្រជាជនជាង ២២០លាននាក់មួយនេះអស់រយៈពេល ៣ឆ្នាំកន្លះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានគាំទ្រក្នុងការសមគំនិតដើម្បីបណ្ដេញរូបលោកចេញពីតំណែង។ លោក Imran Khan បាននិយាយថា លោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីប្រឆាំងនឹងដំបូន្មានរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែទោះជាយ៉ាងយ៉ាងណា សហរដ្ឋអាមេរិកបានបដិសេធចំពោះការចោទប្រកាន់ខាងលើនេះ។

សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីថ្មី លោក សេបាស សារីហ្វ (Shehbaz Sharif) បាននិយាយថា «គណៈកម្មាធិការសន្តិសុខជាតិ (NSC) បន្ទាប់ពីពិនិត្យមើលខ្លឹមសារនៃការទំនាក់ទំនង ការវាយតម្លៃដែលទទួលបាន និងការសន្និដ្ឋានដែលបង្ហាញដោយភ្នាក់ងារសន្តិសុខនោះបានសន្និដ្ឋានថា មិនមានការសមគំនិតនោះទេ» ដោយបានបន្ថែមថា ទីភ្នាក់ងារចារកម្មកំពូលនៃប្រទេសប៉ាគីស្ថានបានជូនដំណឹងដល់ NSC ថា ពួកគេមិនបានរកឃើញភស្តុតាង អំពីការគាំទ្រទ្រឹស្តីសមគំនិតណាមួយឡើយ។

គួរបញ្ជាក់ថា លោក Imran Khan ត្រូវបានបណ្ដេញចេញពីតំណែងកាលថ្ងៃទី១០ ខែមេសា ក្រោយសភាបោះឆ្នោតដកសេចក្ដីទុកចិត្ត។ ការប្រកាសពីលទ្ធផលបោះឆ្នោតដកសេចក្ដីទុកចិត្តពីលោក Imran Khan ត្រូវបានធ្វើឡើងដោយប្រធានសភាជាន់ទាបប៉ាគីស្ថាន លោក អាយ៉ាស សាឌីគ (Ayaz Sadiq) ដោយសមាជិកសភា ១៧៦រូប ក្នុងចំណោម ៣៤២រូប បានបោះឆ្នោតប្រឆាំងនឹងរូបលោក៕