(ប៉េកាំង)៖ ប្រទេសចិន នៅសុក្រសប្តាហ៍នេះ បានសម្តែងការជំទាស់ និង ថោ្កលទោសយ៉ាងខ្លាំង ចំពោះសេចក្តីប្រកាសព័ត៌មានរួមមួយ បន្ទាប់ពីមានកិច្ចពិគ្រោះយោបល់ រវាងសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ហើយបានរិះគន់ ពួកគេចំពោះ ស្តង់ដាពីរស្តីពីអធិតេយ្យភាពនិងបូរណភាពទឹកដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិនCGTN នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។

អ្នកនាំពាក្យនៃបេសកកម្មចិនប្រចាំសហភាពអឺរ៉ុប បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា «អ្វីដែលសេចក្តីប្រកាសព័ត៌មាននោះ បានលាតត្រដាង គឺពិតជាមានប្រទេស និងអង្គការមួយចំនួន ក្នុងពិភពលោកដែលកំពុងបំផ្លាញអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសដ៏ទៃ ក្នុងនាមដើម្បីរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី»។ លោកបន្ថែមថា «សកម្មភាពនៃស្តង់ដារពីរបែបនេះ គឺជាឧទាហរណ៍ជាក់ស្តែង នៃនយោយបាយបក្ខពួក និង ការសម្លុតគំរាមមនោគមវិជ្ជានោះទេ»

គួរបញ្ជាក់ថា អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រី វេនឌី សឺមែន (Wendy Sherman) បានជួបជាមួយមន្រ្តីជាន់ខ្ពស់ របស់សហភាពអឺរ៉ុប លោក ស្តេហ្វាណូ សែននីណូ (Stefano Sannino) នៅក្នុងទីក្រុងព្រុចសែល ដោយបានលើកឡើង ពីការព្រួយបារម្ភអំពីប្រទេសចិន ទាក់ទងនឹងស្ថានភាពអ៊ុយក្រែន ហើយបានធ្វើការអត្ថាធិប្បាយលើបញ្ហាជាច្រើនពាក់ព័ន្ធនឹងចិន
ដូចជាបញ្ហាសិទ្ធិមនុស្ស, បញ្ហាកោះតៃវ៉ាន់, និងបញ្ហាតំបន់ស៊ីនជាំង៕