(ប៉េកាំង)៖ កាលពីថ្ងៃទី២១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសន្ទរកថាគន្លឹះដែលមានចំណងជើងថា «ចាប់ដៃគ្នាដើម្បីប្រឈមមុខនឹងបញ្ហាប្រឈម និងសហការគ្នាដើម្បីកសាងអនាគត» ក្នុងសន្និសីទប្រចាំឆ្នាំ ២០២២ នៃវេទិកា Boao សម្រាប់អាស៊ី។ លោកបានគូសបញ្ជាក់ថា ឱ្យតែអាស៊ីល្អប្រសើរ ទើបពិភពលោកអាចកាន់តែល្អប្រសើរ។ តើអនាគតអាស៊ីនឹងទៅជាយ៉ាងណា? លោក Xi Jinping បានលើកឡើងពីពាក្យគន្លឹះទាំងនេះ។

ពាក្យគន្លឹះទី១៖ អច្ឆរិយៈ

ក្នុងរយៈពេលប៉ុន្មានទស្សវត្សន៍កន្លងមកនេះ ស្ថានការណ៍តំបន់អាស៊ីបានរក្សាស្ថិរភាពជាទូទៅ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងឆាប់រហ័ស ហើយសម្រេចបាន «អច្ឆរិយៈនៅអាស៊ី»។ ឱ្យតែអាស៊ីល្អប្រសើរ ទើបពិភពលោកអាចកាន់តែល្អប្រសើរ។ យើងត្រូវបន្តអភិវឌ្ឍនិងកសាងអាស៊ីឱ្យបានល្អ បង្ហាញពីភាពធន់ ប្រាជ្ញានិងភាពរឹងមាំរបស់អាស៊ី ហើយបង្កើតជាយុថ្កានៃសន្តិភាពនិងស្ថិរភាពពិភពលោក ប្រភពសន្ទុះនៃកំណើននិងកម្ពស់ថ្មីនៃកិច្ចសហប្រតិបត្តិការ។ ——លោក Xi Jinping

ពាក្យគន្លឹះទី២៖ ការអត់ឱន

រួមគ្នាជំរុញសាមគ្គីភាពនៅអាស៊ី ប្រើប្រាស់ការសន្ទនានិងកិច្ចសហប្រតិបត្តិការ ជំនួសល្បែងផលបូកសូន្យ ប្រើប្រាស់បើកចំហនិងបរិយាប័ន្នជំនួសការបិទជិតនិងភាពផ្តាច់មុខ ហើយប្រើប្រាស់ការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក ជំនួសការយកខ្លួនឯងជាធំ នេះជាអ្វីដែលអាស៊ីគួរតែមាន។ ——លោក Xi Jinping

ពាក្យគន្លឹះទី៣៖ នាវាយក្ស

ប្រទេសនានាលើពិភពលោកបានជិះក្នុងនាវាយក្សមួយ និងរួមវាសនាតែមួយ ប្រសិនបើឆ្លងកាត់សមុទ្រ ដែលមានព្យុះរលកបោកបក់ និងឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ចាំបាច់ត្រូវរួមសុករួមទុក្ខ រាល់ការប៉ុនប៉ងចង់ទម្លាក់នរណាទៅក្នុងសមុទ្រ គឺមិនអាចទទួលយកបានទេ៕ ——លោក Xi Jinping

ពាក្យគន្លឹះទី៤៖ ម៉ាស៊ីន

សហគមន៍អន្តរជាតិដែលអភិវឌ្ឍមកដល់បច្ចុប្បន្ន បានក្លាយទៅជាម៉ាស៊ីនមួយប្រកបដោយភាពស្មុគស្មាញ និងប្រណីត ការរុះរើគ្រឿងបន្លាស់ណាមួយ អាចធ្វើឱ្យម៉ាស៊ីនទាំងមូលដំណើរការ ដោយសភាពពិបាកធ្ងន់ធ្ងរ អ្នកដែលត្រូវបានគេរុះរើនឹងខូចខាត ហើយអ្នកដែលរុះរើក៏នឹងខូចខាតដូចគ្នាដែរ៕ ——លោក Xi Jinping

ពាក្យគន្លឹះទី៥៖ វ៉ាក់សាំង

ត្រូវប្រកាន់ខ្ជាប់ថាវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាផលិតផលសាធារណៈសម្រាប់ពិភពលោក ធានាជាក់លាក់ថាប្រទេសកំពុងអភិវឌ្ឍន៍ អាចទទួលបានរកទិញបានវ៉ាក់សាំង។ ប្រទេសចិនបានផ្តល់វ៉ាក់សាំងចំនួនលើសពី ២,១០០ លានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង ១២០។ មិនថាការផ្គត់ផ្គង់វ៉ាក់សាំងទៅក្រៅប្រទេស ឬផលិតវ៉ាក់សាំងនៅក្រៅប្រទេស ប្រទេសចិននិយាយម៉ាត់ណាម៉ាត់ហ្នឹង ហើយធ្វើរហូតដល់ទទួលបានផ្លែផ្កា។ ប្រទេសចិននឹងបន្តផ្តល់ជំនួយជាវ៉ាក់សាំងចំនួន ៦០០លានដូស និង១៥០លានដូសទៅឱ្យទ្វីបអាហ្វ្រិក និងអាស៊ានដោយឡែកពីគ្នា ដើម្បីរួមចំណែកបង្រួមគម្លាតក្នុងការចែកចាយវ៉ាក់សាំង។ ——លោក Xi Jinping

ពាក្យគន្លឹះទី៦៖ មហាគ្រួសារ

មិនថាប្រទេសធំឬតូច ខ្លាំងឬខ្សោយ នៅក្នុងតំបន់ឬក្រៅតំបន់ គួរបន្ថែមរឿងរ៉ាវល្អៗដល់អាស៊ី តែមិនមែនបង្ករឿងឱ្យច្របូកច្របល់ឡើយ គួររួមគ្នាអភិវឌ្ឍដោយសន្តិភាព សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ គួរកសាងមហាគ្រួសារអាស៊ីដ៏សាមគ្គីភាពនិងរីកចម្រើន៕ ——លោក Xi Jinping