(មូស្គូ)៖ ប្រទេសរុស្ស៉ី នៅថ្ងៃសុក្រសប្តាហ៍នេះ បានឲ្យដឹងថា សមាជិកនៃក្រុមនាវិកម្នាក់បានស្លាប់ និង២៧នាក់ទៀត បាត់ខ្លួន ក្រោយពីនាវាចម្បាំងបំពាក់មីស៊ីល ម៉ូស្វា (Moskva) បានលិចនៅសមុទ្រខ្មៅ កាលពីសប្តាហ៍មុន ខណៈវាជាការទទួលស្គាល់ លើកដំបូងរបស់ទីក្រុងមូស្គូ អំពីទំហំនៃការខាតបង់ក្រោយហេតុការណ៍នោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ដោយសារតែអគ្គិភ័យមួយ កាលពីថ្ងៃទី១៣ ខែមេសា កន្លងទៅ នាវាចម្បាំង Moskva ក៏ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារតែការផ្ទុះគ្រាប់ ដែលបណ្តាលឲ្យនាវិកម្នាក់ស្លាប់ និង ២៧នាក់បានបាត់ខ្លួន ហើយសមាជិកចំនួន៣៩៦នាក់ទៀត ត្រូវបានជម្លៀសចេញ។

សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា ក្រសួងការពារជាតិរុស្ស៉ី កំពុងផ្តល់ការគាំទ្រនិងជំនួយផ្សេងៗ ដល់ក្រុមគ្រួសារនិងមិត្តភក្តិ របស់អ្នកស្លាប់ និងរងគ្រោះទាំងអស់។ ដោយឡែក ឪពុកម្តាយ ក្រុមគ្រួសារ និងសាច់ញាតិ នៃអ្នកបាត់ខ្លួន បានទទូចឲ្យមានការផ្តល់ចម្លើយ អំពីស្ថានភាពរបស់ពួកគេ។

គួរបញ្ជាក់ថា បើតាមមន្រ្តីនៃមន្ទីរបញ្ចកោណអាមេរិក នាវា Moskva ត្រូវបានវាយប្រហារ ដោយមីស៊ីលរបស់អ៊ុយក្រែន ចំនួន២គ្រាប់ មុនពេលលិចចូលទៅក្នុងសមុទ្រខ្មៅ ខណៈសេចក្តីរាយការណ៍ដំបូងៗរបស់ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថា នាវិកទាំងអស់ ត្រូវបានជម្លៀសចេញ៕