(ប៉េកាំង)៖ កាលពីថ្ងៃទី២១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានសរសេរសំបុត្រឆ្លើយតបជូន សាស្ត្រាចារ្យចាស់នៃសកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាប៉េកាំង ដោយបានសំដែងការរំពឹងទុកយ៉ាងខ្លាំងក្លា ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស មានគុណភាពខ្ពស់កាន់តែច្រើន ជំរុញការអភិវឌ្ឍនិងប្រឌិតថ្មីផ្នែកឧស្សាហកម្មដែកថែប ការអភិវឌ្ឍន៍កាបូនទាបនិងបៃតង។

លោកបានសរសេរក្នុងសំបុត្រថា ការស្តារប្រជាជាតិចិនឡើងវិញ ត្រូវការជាបន្ទាន់នូវការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសីលធម៌ខ្ពស់ និងសមត្ថភាពខ្លាំងជាច្រើន សង្ឃឹមសាស្ត្រាចារ្យទាំងឡាយនឹងអាចបន្តបណ្តុះបណ្តាលធនធានមនុស្ស មានគុណភាពល្អដែលចូលរួមកសាងប្រទេសជាតិ ដើម្បីរួមចំណែកកាន់តែច្រើន នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់កសាងប្រទេសខ្លាំងខាងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានិងប្រទេសខ្លាំងខាងផលិតកម្ម។

ពេលថ្មីៗកន្លងទៅនេះ សាស្រ្តាចារ្យចាស់នៃសកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប៉េកាំងចំនួន១៥រូប បានសរសេរសំបុត្រជូនលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីរាយការណ៍អំពីសមិទ្ធិផលអភិវឌ្ឍន៍ របស់សកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាប៉េកាំង ដែលបានទទួលបានក្នុងអំឡុងពេលសាលា បានបង្កើតឡើង៧០ឆ្នាំកន្លងមក ហើយបានសំដែងការប្តេជ្ញាចិត្តដ៏មុតមាំ នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់កាន់តែច្រើន សម្រាប់អភិវឌ្ឍឧស្សាហកម្មដែកថែបដោយគុណភាពល្អ៕