(ញូដេលី)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថា ចក្រភពអង់គ្លេសគ្រោងនឹងបើកស្ថានទូតរបស់ខ្លួនឡើងវិញ នៅក្នុងរដ្ឋធានីកៀវ (Kyiv) នៃប្រទេសអ៊ុយក្រែននៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។

លោក Boris Johnson បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា «ភាពអត់ធ្មត់ដ៏អស្ចារ្យ និងជោគជ័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) និងប្រជាជនអ៊ុយក្រែន ក្នុងការទប់ទល់នឹងកងកម្លាំងរុស្ស៊ីក្នុងទីក្រុងកៀវ មានន័យថា ខ្ញុំអាចប្រកាសនៅថ្ងៃនេះថា យើងនឹងបើកស្ថានទូតរបស់យើងឡើងវិញ នៅក្នុងរដ្ឋធានីនៃប្រទេសអ៊ុយក្រែននៅសប្ដាហ៍ក្រោយ»

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ស្ថានទូតរបស់ខ្លួននៅទីក្រុងកៀវ ត្រូវផ្លាស់ប្តូរទីតាំងជាបណ្តោះអាសន្ន ហើយបុគ្គលិកប្រតិបត្តិការពីការិយាល័យការទូត នៅទីក្រុងល្វៀវ (Lviv) នៅភាគខាងលិច អ៊ុយក្រែនវិញ៕