(តេហ្គូស៊ីហ្កាល់ប៉ា)៖ អតីតប្រធានាធិបតីហុងឌូរ៉ាស លោក ហ័ន អ័រលេនដូ ហឺណាន់ដេស (Juan Orlando Hernandez) ត្រូវបានធ្វើបត្យាប័ន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះទៅកាន់សហរដ្ឋអាមេរិក ជាទីដែលលោកនឹងប្រឈមមុខចំពោះការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

លោក Hernandez ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រចេញពីទីស្នាក់ការប៉ូលិស ឡូស កូប្រាស់ (Los Cobras) ដែលស្ថិតនៅជាយក្រុងនៃរដ្ឋធានី របស់ហុងឌូរ៉ាស ទៅកាន់មូលដ្ឋានទ័ពអាកាស ហឺណាន់ អាកូស្តា ម៉េជៀ (Hernan Acosta Mejia) ជាទីដែលភ្នាក់ងារមកពីរដ្ឋបាលប្រឆាំង គ្រឿងញៀនរបស់សហរដ្ឋអាមេរិក រង់ចាំទទួលយករូបលោក ក្រោមការការពារយ៉ាងតឹងរ៉ឹង។

គួរបញ្ជាក់ថា លោក Hernandez ប្រឈមមុខនឹងការចោទប្រកាន់ពីបទ «សមគំនិតក្នុងការនាំចូលសារធាតុញៀន ដើម្បីផលិត និងចែកចាយ ដោយខុសច្បាប់ នៅឯសហរដ្ឋអាមេរិក»។ បន្ទាប់ពីបានវាយតម្លៃលើភស្តុតាង ដែលបង្ហាញដោយតុលាការក្នុងទីក្រុងញូវយ៉ក និងមេធាវីរបស់ លោក Hernandez, ចៅក្រមហុងឌូរ៉ាស យល់ព្រមធ្វើបត្យាប័នអតីតប្រធានាធិបតីរូបនេះ តាមសំណើរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែមីនា កន្លងទៅ៕