(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរាយការណ៍ឱ្យដឹងថាតុលាការចិនបានសម្រេចប្រកាស ផ្តន្ទាទោសប្រហារជីវិតពលរដ្ឋអាមេរិកម្នាក់ឈ្មោះ សាអ៉ីដ អាប់ឌុលម៉ាទីន (Shadeed Abdulmateen) ពីបទមនុស្សឃាតដោយចេតនា លើស្ត្រីអាយុ២១ឆ្នាំម្នាក់ ដែលជាអតីតមិត្តស្រីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

នៅក្នុងការប្រកាសសាលក្រម តុលាការទីក្រុងនីងបូ (Ningbo) ខេត្តស៉ីជាំង (Zhejiang) បានរកឃើញថាបន្ទាប់ពីបានបែកបាក់គ្នាកាលពី ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ, ចុងចោទបានណាត់ជួប និងនិយាយជាមួយជនរងគ្រោះ ដែលជាស្ត្រីជនជាតិចិនម្នាក់មាននាមត្រកូល ឈិន (Chen) នៅឯចំណតរថយន្តក្រុងក្នុងទីក្រុង Ningbo មុនពេលចាក់សម្លាប់នាងដោយប្រភេទ «កូនកាំបិតបត់»

តុលាការបានចាត់ទុកថា «វាជាការសម្លាប់ដើម្បីសងសឹកដោយគិតទុកជាមុនរបស់ចុងចោទ ដោយបានចាក់សម្លាប់ និងឈូតមុខ និងករបស់ ជនរងគ្រោះ ជាច្រើនកាំបិតរហូតបណ្ដាលឱ្យស្លាប់។ នេះត្រូវបានជំរុញដោយចេតនាទុច្ចរិត ចេតនាតាំងចិត្ត និងមធ្យោបាយដ៏ឃោរឃៅ ហើយកាលៈទេសៈនៃឧក្រិដ្ឋកម្ម គឺអាក្រក់ និងធ្ងន់ធ្ងរខ្លាំងបំផុតដែលគួរតែទទួលទោសទៅតាមច្បាប់»

ជុំវិញបញ្ហានេះ មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ បាននិយាយថាខ្លួនកំពុងតាមដានលើបញ្ហានេះ ប៉ុន្តែបានបដិសេធនឹងមិនធ្វើ អត្ថាធិប្បាយបន្ថែមទៀតទេ ដោយសារតែការពិចារណាលើឯកជនភាព៕