(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជឿជាក់ថាក្នុងរយៈពេល ៤សប្ដាហ៍ខាងមុខ នឹងកំណត់ជោគជ័យនៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ព្រមទាំងផែនទីអឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ។ នេះបើតាម ការដកស្រង់ចេញផ្សាយពីសារព័ត៌មាន New York Times នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

បើតាមក្រុមមន្ត្រីអាមេរិកជាន់ខ្ពស់ខាងលើ បច្ចុប្បន្ន គឺជាពេលដ៏សំខាន់ដែលត្រូវប្រញាប់បញ្ជូនអាវុធបន្ថែមដល់អ៊ុយក្រែន ឱ្យបានកាន់តែ ច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសគឺប្រភេទអាវុធធុនធ្ងន់ ដូចជាកាំភ្លើងបាញ់រយៈចម្ងាយឆ្ងាយ និងប្រព័ន្ធរ៉ាដាប្រឆាំងកាំភ្លើងធំ។

ដោយឡែក ពាក់ព័ន្ធនឹងការបញ្ជូនអាវុធនេះដែរ, ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសផ្ដល់ ជំនួយយោធា ៨០០លានដុល្លារបន្ថែមឱ្យអ៊ុយក្រែន ដែលជាកញ្ចប់ជំនួយយោធាទី២ ក្នុងរយៈពេលមួយសប្ដាហ៍។ បន្ថែមពីលើនេះ លោក បៃដិន ក៏បានសង្កត់ធ្ងន់ដែរថាជំនួយយោធារបស់អាមេរិក គឺជាសារមួយបញ្ជូនទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យដឹងថា រុស្ស៉ីនឹងមិនអាចទទួលជោគជ័យក្នុងការគ្រប់គ្រងអ៊ុយក្រែនទាំងមូលឡើយ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីជាន់ខ្ពស់មកពីក្រសួងការពារជាតិអាមេរិក កាលពីពេលថ្មីៗនេះក៏បានព្រមានដែរថា សម្រាប់លោក ពូទីន មិនមែន ត្រឹមចង់បានតែតំបន់ដុនបាស់ប៉ុណ្ណោះទេ ប៉ុន្តែលោកចង់បានអ៊ុយក្រែនទាំងមូល បើទោះជាមូស្គូធ្លាប់បានអះអាងថាខ្លួនមិនមានបំណង កាន់កាប់អ៊ុយក្រែនក៏ដោយ៕