(លីសបោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាប្រទេសរបស់លោក ត្រូវការអាវុធបន្ថែមជាចាំបាច់ ដើម្បីការពារខ្លួនពីការឈ្លានពានរបស់រុស្ស៉ី ហើយអំពាវនាវឱ្យបណ្ដាប្រទេសលោកខាងលិចដាក់ទណ្ឌកម្ម បន្ថែមទៀតលើមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាវីដេអូមួយទៅកាន់សភាជាតិនៃប្រទេសព័រទុយហ្កាល់។ ថ្លែងនាឱកាស នោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបញ្ជាក់ដូច្នេះថា «នៅក្នុងសង្រ្គាមរយៈពេល ៥៧ថ្ងៃមកនេះ, មានទីក្រុងច្រើនជាង ១,០០០ របស់ អ៊ុយក្រែនត្រូវបានគ្រប់គ្រងដោយពួកឈ្លានពាន ដែលនៅតែបន្តបំផ្លិចបំផ្លាញទីក្រុងរបស់យើងជាច្រើនទៀត»។ លោកបានបន្ថែមដោយ ចោទប្រកាន់ថា កងទ័ពរុស្ស៉ីបានប្រព្រឹត្តអំពើសាហាវឃោរឃៅជាច្រើន ក្នុងនោះរួមមានទាំងនៅក្នុងទីក្រុង Mariupol ដែលកំពុង រងការទម្លាក់គ្រាប់បែកយ៉ាងដំណំ។

គួរបញ្ជាក់ថា នៅក្រោយសុន្ទរកថារបស់លោក ហ្សេលេនស្គី, ប្រធានសភាព័រទុយហ្កាល់ លោក អូហ្គូសស្តូ សាន់តូស ស៊ីលវ៉ា (Augusto Santos Silva) បានលើកឡើងថាការប្រយុទ្ធតស៊ូរបស់អ៊ុយក្រែនដើម្បីសេរីភាព គឺជាការប្រយុទ្ធតស៊ូរបស់អ៉ឺរ៉ុប ដើម្បីសេរីភាពដូចគ្នាដែរ៕