(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បាននិយាយថាការប្រកាសពីជ័យជម្នះរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការរំដោះទីក្រុង Mariupol គឺជា «ព័ត៌មានក្លែងក្លាយ» ខណៈរដ្ឋបាលលោក ចូ បៃដិន ប្រកាសផ្ដល់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី ជាពិសេសនៅតំបន់ដុនបាស់ ស្ថិតនៅភាគខាងកើតនៃប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអះអាងពីជ័យជម្នះរបស់កងទ័ពរុស្ស៉ីនៅក្នុងទីក្រុង Mariupol ក្រោយការឡោមព័ទ្ធអស់ជិត ២ខែមកនេះ។ ប៉ុន្តែ កងទ័ពអ៊ុយក្រែនក្នុងរោចក្រដែកថែប Azovstal នៅតែមិនព្រមទម្លាក់អាវុធសុំចុះចាញ់ ឡើយ ហើយលោក ពូទីន ក៏បានសម្រេចចិត្តលុបចោលផែនការវាយសង្រ្គប់ចូលរោងចក្រនេះផងដែរ ដោយបញ្ជាឱ្យកងទ័ពរុស្ស៉ី បន្តឡោមព័ទ្ធ សូម្បីតែ «សត្វរុយមួយក្បាល» ក៏មិនអាចឱ្យចេញក្រៅបានជាដាច់ខាត។

យ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថាកងទ័ពអ៊ុយក្រែននៅតែបន្តស្ថិតនៅក្នុងទីក្រុង Mariupol ហើយបានហៅ ការអះអាងជ័យជម្នះរបស់លោក ពូទីន គ្រាន់តែជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ។

គួរបញ្ជាក់ថា ខណៈកងទ័ពរុស្ស៉ីកំពុងបង្កើនការវាយលុកលើតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន, រដ្ឋបាលលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ បានប្រកាសផ្ដល់ជំនួយយោធា ៨០០លានដុល្លារបន្ថែមសម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំង កាំភ្លើងធំធុនធ្ងន់ផងដែរ៕