(ព័រអូប្រាំង)៖ យន្តហោះខា្នតតូចមួយគ្រឿងបានធ្លាក់នៅលើផ្លូវដ៏មមាញឹកមួយ ក្នុងរដ្ឋធានីព័រអូប្រាំង (Port-au-Prince) ប្រទេសហៃទី នៅថ្ងៃពុធសប្តាហ៍នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ ក្នុងនោះរួមមានទាំងពីឡុតផងដែរ។ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

យន្តហោះខាងលើបានចាកចេញពីអាកាសយានដ្ឋាន Port-au-Prince នៅម៉ោងប្រហែល ៣៖៤៤នាទីរសៀល (ម៉ោងក្នុងតំបន់) ឆ្ពោះទៅកាន់ទីក្រុង ជេកមែល (Jacmel)។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលហៃទី ក៏បានឱ្យដឹងដែរថាយន្តហោះនេះមានបញ្ហាគ្រឿងម៉ាស៊ីន និងបានឱ្យសញ្ញាអាសន្ន នៅវេលា ៤៖០៤នាទីរសៀល ថ្ងៃដដែលនោះ។

ហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចនេះ បានបណ្ដាលឱ្យមនុស្សចំនួន៦នាក់ បានស្លាប់ ក្នុងនោះរួមមានពីឡុតដែលបានស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

បន្ទាប់ពីមានឧបទ្ទវហេតុនេះ នាយករដ្ឋមន្រ្តីហៃទី លោក អារៀល ហេនរី (Ariel Henry) ក៏បានសរសេរនៅលើ Twitter ដោយចូលរួម រំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ នៅក្នុងសោធនាដកម្មនេះផងដែរ៕