(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergey Shoigu) បានឱ្យដឹងថាកងទ័ពរុស្ស៉ីបានវាយកាន់កាប់បានទីក្រុងកំពង់ផែម៉ារីយូប៉ូល (Mariupol) ស្ទើរតែទាំងស្រុងហើយ លើកលែងតែរោងចក្រដែកថែប Azovstal តែប៉ុណ្ណោះជាទីដែលកងទ័ពអ៊ុយក្រែនជាង ២,០០០នាក់នៅតែបន្ត តស៊ូប្រយុទ្ធមិនព្រមចុះចាញ់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

ថ្លែងប្រាប់លោកប្រធានាធិបតី ពូទីន, លោក Sergey Shoigu ក៏បានបញ្ជាក់ដែរថាកងទ័ពអ៊ុយក្រែនប្រហែលជា ១,៤០០នាក់បានទម្លាក់អាវុធសុំ ចុះចាញ់ ហើយជនស៊ីវិល ១៤២,០០០នាក់ត្រូវបានជម្លៀសចេញពីទីក្រុងម៉ារីយូប៉ូល ដែលបានស្ថិតនៅក្រោមការឡោមព័ទ្ធពីកងទ័ពរុស្ស៉ីចាប់តាំងពី ដើមខែមីនាមក។ ប៉ុន្តែ កងទ័ពអ៊ុយក្រែន ក្នុងរោងចក្រ Azovstal មិនព្រមចុះចាញ់ឡើយ ខណៈមានសេចក្ដីរាយការណ៍ជនស៊ីវិលរាប់ពាន់នាក់ក៏កំពុង ជាប់ចេញមិនរួចនៅក្នុងរោងចក្រនេះដែរ។

ដោយឡែក ជុំវិញរោងចក្រដែកថែប Azovstal នេះដែរ លោក ពូទីន បានចេញបញ្ជាឱ្យកងទ័ពរុស្ស៉ីកុំអាលវាយសង្រ្គប់ចូលរោងចក្រនេះ ដោយត្រូវបន្ត ឡោមព័ទ្ធឱ្យកងទ័ពអ៊ុយក្រែនទម្លាក់អាវុធចុះចាញ់។ លោក ពូទីនបានបញ្ជាក់ដូច្នេះថា «ខ្ញុំបានពិចារណាឃើញថាសំណើលើការវាយសង្រ្គប់ចូល តំបន់ឧស្សាហកម្ម មិនមែនជារឿងចាំបាច់ទេ ដូច្នេះខ្ញុំបញ្ជាឱ្យអ្នក (លោក Shoigu) លុបចោលផែនការនេះ»

គួរបញ្ជាក់ថា បើតាមលោក Sergei Shoigu, លោក ពូទីនមានបំណងទុកពេលឱ្យកងទ័ពអ៊ុយក្រែនដែលកំពុងជាប់ក្នុងរោងចក្រ Azovstal ទម្លាក់អាវុធ ចុះចាញ់ដោយខ្លួនឯង ដោយរុស្ស៉ីនឹងមិនធ្វើអ្វីលើពួកគេឡើយ៕