(ម៉ាឌ្រីដ)៖ រដ្ឋាភិបាលអេស្ប៉ាញ បាននិយាយថា លោកនាយករដ្ឋមន្រ្តី ប៉េដ្រូ សាន់ឆេស (Pedro Sanchez) និងលោកស្រី មេតតេ ហ្វ្រេដឺរីកសិន (Mette Frederiksen) នាយករដ្ឋមន្រ្តីដាណឺម៉ាក បានទៅដល់ទីក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky)។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Sanchez បាននិយាយថា ការធ្វើដំណើរទៅកាន់ទីក្រុងកៀវនា នឹងបង្ហាញដល់លោក Zelensky ថា សហភាពអឺរ៉ុបនិងអេស្ប៉ាញ កំពុងចូលរួមដើម្បីសន្តិភាពរបស់អ៊ុយក្រែន»។ លោកបានបន្ថែមថា «អេស្បាញនឹងបន្តជួយសម្រេចឱ្យ ឱ្យបាននូវការបិទបញ្ចប់សង្រ្គាម ហើយក្នុងពេលទន្ទឹមគ្នា នឹងបន្តបញ្ជូនជំនួយមនុស្សធម៌និងយោធាដល់អ៊ុយក្រែនរួមទាំងទទួលយកជនភៀសខ្លួនផងដែ»

បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអេស្ប៉ាញ មេដឹកនាំរបស់អេស្ប៉ាញនិងដាណឺម៉ាក ទើបតែទៅដល់ទីក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍នេះ ជាកន្លែងដែលអ្នកទាំងពីរ នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ គេរំពឹងថា នៅក្រោយជំនួប មេដឹកនាំទាំង៣ នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នា។

គួរបញ្ជាក់ថា ប្រទេសអេស្ប៉ាញ បានទទួលយកជនភៀសខ្លួនអ៊ុយក្រែន ចំនួន ១៣៤,០០០នាក់ ដែលក្នុងចំណោមនោះ មាន៦៤,០០០នាក់ បានទទួលសិទ្ធិជ្រកកោនបណ្តោះអាសន្ន រួមទាំងកន្លែងស្នាក់នៅ និងប័ណ្ណការងារទៀតផង។ ជាមួយគ្នានេះ ទីក្រុងម៉ាឌ្រីដ ក៏បានបញ្ជូនយន្តហោះរាប់សិបគ្រឿង ដែលផ្ទុកសព្វាវុធនិងជំនួយមនុស្សធម៌រាប់រយតោន ដល់អ៊ុយក្រែនផងដែរ៕