(ប៉េកាំង)៖ ព្រឹកថ្ងៃទី ២១ ខែមេសា នេះ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ពិធីបើកនៃសន្និសីទប្រចាំឆ្នាំ២០២២វេទិកា Boao សម្រាប់អាស៊ីតាមប្រព័ន្ធវីដេអូនិងថ្លែងសុន្ទរកថាគន្លឹះ ។

លោក Xi Jinping បានលើកឡើងថា ដើម្បីជំរុញសន្តិសុខរួមទូទាំងពិភពលោក ប្រទេសចិនសូមលើកឡើងគំនិតផ្តួចផ្តើមសន្តិសុខទូទាំងពិភពលោកមានជាអាទ៍៖ ត្រូវប្រកាន់ខ្ជាប់នូវគោលគំនិតនៃសន្តិសុខរួម ចម្រុះ សហប្រតិបត្តិការ និងនិរន្តរភាព ដើម្បីរួមគ្នារក្សាសន្តិភាពនិងសន្តិសុខពិភពលោក។ ត្រូវគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដី និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ គោរពមាគ៌ាអភិវឌ្ឍន៍និងប្រព័ន្ធសង្គមដែលជ្រើសរើស ដោយឯករាជ្យនិងម្ចាស់ការដោយប្រជាជននៃប្រទេសនានា។ ត្រូវប្រកាន់ខ្ជាប់នូវកម្មវត្ថុនិងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បោះបង់ផ្នត់គំនិតសង្រ្គាមត្រជាក់ ប្រឆាំងឯកតោភាគីនិយម មិនធ្វើនយោបាយបក្សពួកនិងការប្រឈមមុខដាក់គ្នាជាក្រុម។ ត្រូវប្រកាន់ខ្ជាប់នូវការយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខ ដែលចាប់អារម្មណ៍ដោយសមហេតុផលរបស់ប្រទេសនានា និងប្រកាន់ខ្ជាប់នូវគោលការណ៍នៃភាពមិនអាចបំបែកបាននៃសន្តិសុខ កសាងរចនាសម្ព័ន្ធសន្តិសុខប្រកបដោយតុល្យភាព ប្រសិទ្ធភាពនិងនិរន្តរភាព ប្រឆាំងនឹងការបង្កើតសន្តិសុខជាតិរបស់ខ្លួន ដោយឈរលើមូលដ្ឋាននៃអសន្តិសុខរបស់ប្រទេសដទៃ។

ត្រូវប្រកាន់ខ្ជាប់នូវការដោះស្រាយ ដោយសន្តិវិធីនូវការខ្វែងគំនិតនិងវិវាទរវាងប្រទេសនានា តាមរយៈការសន្ទនានិងការពិគ្រោះយោបល់ ហើយគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដែលមានអំណោយផលដល់ ការដោះស្រាយវិបត្តិដោយសន្តិវិធី មិនត្រូវមានស្តង់ដារពីរ ប្រឆាំងនឹងការដាក់ទណ្ឌកម្មដោយឯកតោភាគីនិង «អំណាចដៃវែង» ឡើយ។ ត្រូវប្រកាន់ខ្ជាប់នូវការសម្របសម្រួល ការថែរក្សាសន្តិសុខនៅក្នុងតំបន់ប្រពៃណីនិងមិនមែនប្រពៃណី រួមគ្នាដោះស្រាយជម្លោះក្នុងតំបន់និងបញ្ហាសកលដូចជា ភេរវកម្មនិយម ការប្រែប្រួលអាកាសធាតុ សន្តិសុខតាមអ៊ីនធឺណិត និងជីវសុវត្ថិភាពជាដើម៕