(តៃប៉ិ)៖ រដ្ឋាភិបាលកោះតៃវ៉ាន់ កាលពីថ្ងៃពុធសប្ដាហ៍នេះបានអនុម័តការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៤ ជូនដល់អ្នកដែលមានអាយុ ចាប់ពី ៦៥ឆ្នាំឡើងទៅ និងដូសទី៥ សម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ ខណៈដែលកោះនេះកំពុងសម្លឹងមើលការបង្កើនការប្រយុទ្ធប្រឆាំង នឹងការកើនឡើងនៃករណីឆ្លងក្នុងសហគមន៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកោះតៃវ៉ាន់ បាននិយាយថា ខ្លួនបានអនុម័តការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៤ ដល់មនុស្សចាស់ ក៏ដូចជា អ្នករស់នៅក្នុងមណ្ឌលថែទាំរយៈពេលវែង រីឯអ្នកដែលមានប្រព័ន្ធភាពចុះខ្សោយ រួមទាំងអ្នកជំងឺលាងឈាម និងអ្នកដែលបានទទួលការប្តូរសរីរាង្គ ក៏ត្រូវបានអនុម័តការចាក់ដូសទី៥ ផងដែរ។ អ្នកដែលត្រូវទទួលបានការចាក់ដូសទី៤ ឬទី៥ គួរតែទៅទទួលការចាក់រយៈពេលយ៉ាងហោចណាស់ ៥ខែ បន្ទាប់ពីការចាក់លើកចុងក្រោយរបស់ពួកគេ ហើយអាចជ្រើសរើសប្រភេទវ៉ាក់សាំង ដូចជាវ៉ាក់សាំងអាមេរិក Moderna, វ៉ាក់សាំងអាមេរិក និងអាល្លឺម៉ង់ (Pfizer & BioNTech) និងវ៉ាក់សាំងក្នុងស្រុក Medigen ឬវ៉ាក់សាំងអាមេរិក Novavax។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កោះតៃវ៉ាន់ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤៣,២៤៣ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៥៦នាក់ និងអ្នកជាសះស្បើយចំនួន ២២,៥៣៧នាក់។ ប្រហែល ៨០%នៃប្រជាជនកោះតៃវ៉ាន់ចំនួន ២៣លាននាក់ នាពេលឥឡូវនេះ បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ២ដូស) រួចរាល់ហើយ និងជិត ៦០% បានទទួលការចាក់ដូសជំរុញ (ចំនួន ៣ដូស) ហើយកាតព្វកិច្ចពាក់ម៉ាស់នៅតែបន្តអនុវត្ត៕