(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមបណ្ដាប្រទេសអ្នកមាន G7 បាននិយាយថា ពួកគេសម្រេចសន្យារួមគ្នាជាមួយសហគមន៍អន្តរជាតិ នូវការផ្ដល់ជំនួយបន្ថែមក្នុងចំនួនទឹកប្រាក់លើសពី ២៤ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២ និងតទៅមុខទៀត សម្រាប់អ៊ុយក្រែន ហើយក៏ត្រៀមខ្លួនធ្វើលើសពីនេះទៀតផងដែរ ទៅតាមតម្រូវការ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមរដ្ឋមន្រ្តីប្រទេស G7 បាននិយាយថា ពួកគេមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការចូលរួមរបស់រុស្ស៊ី នៅក្នុងវេទិកាអន្តរជាតិ គឺរួមទាំងកិច្ចប្រជុំ G20, កិច្ចប្រជុំមូលនិធិរូបិយវត្ថុអន្តរជាតិ និងកិច្ចប្រជុំធនាគារពិភពលោក ក្នុងសប្តាហ៍នេះ។ ក្រុមរដ្ឋមន្រ្តី G7 បានបន្ថែមថា «អង្គការអន្តរជាតិនិងវេទិកាពហុភាគី មិនគួរដំណើរការសកម្មភាពរបស់ពួកគេ ជាមួយរុស្ស៊ីក្នុងលក្ខណៈធុរកិច្ចដូចធម្មតាទៀតទេ»។

គួរបញ្ជាក់ថា ដោយសារតែបញ្ហាវិបត្តិសង្រ្គាមនៅអ៊ុយក្រែន រដ្ឋមន្រ្តីហិរញ្ញវត្ថុរុស្ស៉ី បានដឹកនាំប្រតិភូចូលរួមតាមប្រព័ន្ធអនឡាញ ក្នុងកិច្ចប្រជុំ G20 ដែលរៀបចំឡើង នៅទីក្រុងវ៉ាស៉ីនតោននៃសហរដ្ឋអាមេរិក នាថ្ងៃពុធសប្តាហ៍នេះ។ ក្រុមមន្រ្តីរបស់លោកខាងលិច រួមមានអាមេរិក អង់គ្លេស និងកាណាដា ជាដើម បាននាំគ្នាដើរចេញពីកិច្ចពិភាក្សា នៅពេលដល់វេនរដ្ឋមន្រ្តីរុស្ស៉ីត្រូវឡើងថ្លែង ដើម្បីសម្តែងការតវ៉ាចំពោះវត្តមានរុស្ស៉ី។ ក្រុមរដ្ឋមន្រ្តី G7 ក៏បានសង្កត់ធ្ងន់ដែរថា ប្រទេសពួកគេនឹងរក្សាហើយបង្កើនសម្ពាធ កាន់តែខ្លាំងថែមទៀតលើរុស្ស៉ី ជុំវិញស្ថានការណ៍នៅអ៊ុយក្រែន៕