(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅថ្ងៃព្រហស្បតិ៍នេះ បានគូសបញ្ជាក់ជាថ្មីនូវ គោលជំហរប្រឆាំងជាប់ជានិច្ចរបស់ចិន ចំពោះសកម្មភាពដាក់ទណ្ឌកម្មបែបឯកតោភាគី និងការប្រើប្រាស់អំណាចយុត្តាធិការហួសព្រំដែន ប៉ុន្តែលោកមិនបានលើកឡើងចំៗ អំពីការព្រួតគ្នាដាក់ទណ្ឌកម្មរបស់ក្រុមលោកខាងលិចទៅលើរុស្ស៉ី ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

លោកប្រធានាធិបតីចិនបានថ្លែងដូចខាងលើ ក្នុងវីដេអូសុន្ទរកថាមួយ សម្រាប់វេទិកាប៉ូអៅសម្រាប់អាស៉ី (Boao Forum for Asia) ដែលរៀបចំឡើងនៅកោះហៃណាន ភាគខាងត្បូងប្រទេសចិន។ លោក ស៉ី ក៏បានបន្ថែមទៀតថា «ចិនសូមស្នើឡើងនូវកិច្ចផ្តួចផ្តើមសន្តិសុខសកល ដែលប្រកាន់ខ្ជាប់នូវ គោលការណ៍សន្តិសុខមិនអាចបំបែកបាន។ យើងគួរនាំគ្នាប្រកាន់យកគោលការណ៍បែបនេះ ដោយកសាងនូវក្របខណ្ឌសន្តិសុខមួយ ដែលមានតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព ហើយប្រឆាំងការបង្កើតប្រព័ន្ធសន្តិសុខជាតិ ដែលផ្អែកលើភាពអសន្តិសុខរបស់ប្រទេសដទៃ»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ ត្រូវគេមើលឃើញថា មានភាពកាន់តែស្និទ្ធស្នាលឡើងៗ ហើយចិនមិនបានថ្កោលទោសចំពោះ ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែននោះឡើយ។ យោងតាមការយល់ឃើញរបស់ចិន វិបត្តិនៅអ៊ុយក្រែនកើតឡើង ដោយសារតែមហិច្ឆតាពង្រីកឥទ្ធិពលទៅទិសខាងកើតរបស់អង្គការ NATO។ យ៉ាងណាក្តី ទីក្រុងប៉េកាំងមិនបានផ្តល់ជំនួយដល់ទីក្រុងមូស្គូឡើយ ដើម្បីបញ្ចៀសកុំឱ្យទណ្ឌកម្មរបស់លោកខាងលិច ត្រូវធ្លាក់ទៅលើខ្លួនដែរ៕