(តូក្យូ)៖ ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហីរ៉ូកាហ្ស៊ូ ម៉ាតស៊ូណូ (Hirokazu Matsuno) បាននិយាយថា កិច្ចព្រមព្រៀងសន្តិសុខរវាងចិន និងសូឡូម៉ុន (Solomon) អាចនឹងប៉ះពាល់ដល់សន្តិសុខសម្រាប់តំបន់ប៉ាស៉ីហ្វិកហើយវាក៏អាចជាប្រធានបទ នៃកិច្ចពិភាក្សារវាងមេដឹកនាំជប៉ុន និងណូវែលហ្សេឡង់ នាថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

លោក ម៉ាតស៊ូណូ បានប្រាប់សន្និសីទសារព័ត៌មានថា «កិច្ចព្រមព្រៀងមនេះ ទំនងជាមានផលប៉ះពាល់ដល់សន្តិសុខ ក្នុងតំបន់ទាំងមូល ដូច្នេះយើងកំពុងតាមដាន ដោយក្តីបារម្ភ»។ ទោះបីជា លោកបាននិយាយថា ព័ត៌មានលម្អិតជាច្រើន នៃកិច្ចព្រមព្រៀងនៅមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ តែវាទំនងជានឹងក្លាយជាប្រធានបទនៃជំនួបរវាង នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ិដា (Fumio Kishida) និង នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាដឺន (Jacinda Ardern) ដែលត្រូវបាន
គេរំពឹងថា នឹងមានការពិភាក្សាយ៉ាងម៉ត់ចត់ អំពីបញ្ហាឥណ្ឌូប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ។

គួរបញ្ជាក់ថា លោកស្រី Ardern បានដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម ទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយដំណើរទស្សនកិច្ចរបស់លោកស្រី នឹងបន្តរហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ទើបចាកចេញពីប្រទេសជប៉ុន៕