(ញូដេលី)៖ នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌា ដើម្បីចាប់ផ្តើមការបំពេញទស្សនរយៈពេល២ថ្ងៃនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

លោក Johnson បានធ្វើដំណើរទៅដល់ រដ្ឋហ្គូចារ៉ាត់ (Gujarat) ដែលជារដ្ឋកំណើតរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi)។ នៅទីនោះ លោកនាយករដ្ឋមន្រ្តីអង់គ្លេស នឹងជួបជាមួយក្រុមថ្នាក់ដឹកនាំវិស័យធុរកិច្ច រួចធ្វើទស្សនកិច្ចក្នុងទីក្រុងអាម៉េដដាបាដ (Ahmedabad) មុនពេលបន្តដំណើរទៅកាន់រដ្ឋធានីញូដេលី ហើយជួបជាមួយលោក ម៉ូឌី នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការពង្រឹង កិច្ចសហប្រតិបតិ្តការផ្នែកសន្តិសុខ រវាងប្រទេសទាំងពីរ ព្រមទាំងអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

បញ្ហាអ៊ុយក្រែនក៏នឹងស្ថិតក្នុង ប្រធានបទនៃកិច្ចពិភាក្សារវាងលោក Johnson និង លោក Modi ផងដែរ។ កាលពីខែមីនាកន្លងទៅ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) បានត្រឡប់ពីទីក្រុងញូដេលីវិញ ដោយដៃទទេរ នៅពេលលោកស្រី បានព្យាយាមទទូចឱ្យ ឥណ្ឌាចូលរួមប្រឆាំងជាមួយរុស្ស៉ី។

គួរបញ្ជាក់ថា ពាក់ព័ន្ធគម្រោងដំណើរទស្សនកិច្ចរបស់លោក Johnson ទៅកាន់ប្រទេសឥណ្ឌា គឺកន្លងមកវាត្រូវបានពន្យារពេល២លើក រួចមកហើយ ដោយសារតែការកើនឡើងនៃករណីឆ្លង COVID-19 នៅក្នុងប្រទេសទាំងពីរ ហើយតាមពិត វាបានស្ថិតក្នុងភាពស្រពិចស្រពិលម្តងទៀតនាសប្តាហ៍នេះ ដោយសារតែរឿងចម្រូងចម្រាស ពាក់ព័ន្ធសកម្មភាពបំពានរបស់លោក Johnson ចំពោះគោលការណ៍រឹតត្បិត COVID-19 នៅអង់គ្លេស៕