(កៀវ)៖ អភិបាលតំបន់ លូហាន់ក៍ (Luhansk) លោក សឺហ៉ី ហៃដៃ (Serhiy Haidai) បាននិយាយថា កងកម្លាំងរុស្ស៊ី នាពេលឥឡូវនេះ បានវាយដណ្ដើមគ្រប់គ្រងបាន ៨០ភាគរយនៃតំបន់នេះហើយ ដែលជាតំបន់មួយក្នុងចំណោមតំបន់ចំនួនពីរ ដែលបង្កើតបានជាតំបន់ ដុនបាស់ (Donbas) ដែលស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

គោលដៅមួយរបស់រុស្ស៊ី គឺពង្រីកទឹកដីនៅក្នុងតំបន់ Donbas ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមផ្តាច់ខ្លួន ដែលគាំទ្រដោយរុស្ស៉ី។ មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ រដ្ឋាភិបាលទីក្រុងកៀវគ្រប់គ្រង ៦០ភាគរយនៃតំបន់ Luhansk។

លោក Haidai បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីដែលបានចាប់ផ្តើមបន្តការវាយប្រហាររបស់ពួកគេ នាសប្តាហ៍នេះនៅភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន បានពង្រឹងការវាយប្រហាររបស់ពួកគេបន្ថែមទៀត នៅក្នុងតំបន់ Luhansk។

បន្ទាប់ពីវាយដណ្តើមគ្រប់គ្រងបានទីក្រុង ក្រេមីនណា (Kreminna) ទាំងស្រុង លោកអភិបាលតំបន់ Lunhansk បានបន្ថែមថា កងកម្លាំងរុស្ស៊ី នាពេលឥឡូវនេះកំពុងគំរាមកំហែងលើទីក្រុង រូប៊ីហ្សណេ (Rubizhne) និង ប៉ូប៉ាស្នា (Popasna) ទៀត ហើយលោកក៏បានចេញសេចក្ដីណែនាំ ជំរុញឱ្យប្រជាជនទាំងអស់ជម្លៀសខ្លួនចេញជាបន្ទាន់៕