(មូស្គូ)៖ លោក អាឡិចហ្សី ប៉ូលីសឈុក (Alexey Polishchuk) ជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការបរទេសរុស្ស៉ី បាននិយាយថាប្រតិបត្តិការ យោធាពិសេសរបស់ទីក្រុងមូស្គូ នឹងត្រូវបិទបញ្ចប់ នៅពេលការគំរាមកំហែងពាក់ព័ន្ធនឹងការអូសទាញអ៊ុយក្រែនឲ្យចូលជាសមាជិកអង្គការណាតូ (NATO) ត្រូវបានលុបបំបាត់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS លោក Polishchuk បានគូសបញ្ជាក់ថា « ប្រតិបត្តិការយោធាពិសេសនឹងត្រូវបិទបញ្ចប់ នៅពេល គោលដៅ ឬភារកិច្ចទាំងឡាយ ត្រូវបានបំពេញ ហើយក្នុងចំណោមភារកិច្ចទាំងនោះ មានដូចជាការការពារប្រជាជននៅតំបន់ដុនបាស់ (Donbass), ការធ្វើវិយោធកម្ម និងបដិណាហ្ស៊ីនីយកម្ម ហើយបញ្ឈប់ការគម្រាមកំហែងលើរុស្ស៉ី តាមរយៈអូសទាញអ៊ុយក្រែនជាសមាជិករបស់អង្គការ NATO»
លោកបន្ថែមថា «ប្រតិបត្តិការពិសេសកំពុងដំណើរការទៅតាមផែនការ ហើយរុស្ស៉ីនឹងសម្រេចគោលដៅរបស់ខ្លួន»

គួរបញ្ជាក់ថា ជារឿយៗ ទីក្រុងមូស្គូ បានអះអាងថា សកម្មភាពរបស់ខ្លួននៅលើទឹកដីអ៊ុយក្រែន គឺជាប្រតិបត្តិការយោធាពិសេស ដើម្បីរំដោះតំបន់ Donbass ខណៈមេដឹកនាំរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូ មិនមានគម្រោងកាន់កាប់ទឹកដីអ៊ុយក្រែននោះឡើយ ទោះបី លោកខាងលិចហៅថាជាការឈ្លានពានក៏ដោយ៕