(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) បានស្នើសុំប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យទទួលស្វាគមន៍រូបលោក ដើម្បីចូលរួមពិភាក្សាអំពីជំហានដែលនាំមកនូវ សន្តិភាព បន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ីមកលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

អ្នកនាំពាក្យអគ្គលេខាធិការ UN លោក ស្ទេហ្វិន ឌូហ្សារីក (Stephane Dujarric) បាននិយាយថា លិខិតស្នើសុំដាច់ដោយឡែកពីគ្នាត្រូវបាន ប្រគល់ទៅឱ្យបេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៉ី និងអ៊ុយក្រែនកាលពីរសៀលថ្ងៃអង្គារសប្ដាហ៍នេះ ដោយស្នើសុំឱ្យលោកពូទីនទទួលស្វាគមន៍ លោក Guterres នៅទីក្រុងមូស្គូ និងលោក ហ្សេលេនស្គី ទទួលនៅទីក្រុងកៀវ។

លោក Dujarric បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «អគ្គលេខាធិការ UN បាននិយាយថានៅពេលដែលកំពុងជួបប្រទះ គ្រោះថ្នាក់ និងផលវិបាកដ៏ធំធេងនេះ រូបលោកចង់ពិភាក្សាអំពីជំហានបន្ទាន់ ដើម្បីនាំមកនូវសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន និងអនាគត នៃពហុភាគីនិយម ដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»

គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៉ីមកលើអ៊ុយក្រែន គឺជាការវាយប្រហារដ៏ធំបំផុតមកលើប្រទេសមួយ នៃទ្វីបអឺរ៉ុបចាប់តាំងពីឆ្នាំ១៩៤៥ ដែល បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរងរបួស ហើយបើតាមលោក Guterres សព្វថ្ងៃនេះមនុស្សជាង ១២លាននាក់កំពុងត្រូវការ ជំនួយមនុស្សធម៌ នៅក្នុងប្រទេសអ៊ុយក្រែន៕