(ហ្កាហ្សា)៖ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស ចំកណ្តាលតំបន់ហ្កាហ្សា (Gaza) មុនព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ឆ្លើយតបនឹងការបាញ់ផ្លោងគ្រាប់រ៉ុកក្កែត ចេញពីទឹកដីប៉ាឡេស្ទីន (Palestinian) ចូលទឹកដីរបស់អ៊ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានReuters នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

ភ្លាមៗនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ អំពីអ្នកស្លាប់ ឬ រងរបួសឡើយ។ ដោយឡែក យោធាអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារចំប៉ុស្តិ៍សន្តិសុខ និងផ្នែកមួយនៃទីតាំងក្រោមដី ដែលប្រើសម្រាប់ផលិតម៉ាស៊ីនរ៉ុក្កែត។ សកម្មភាពនេះ គឺដើម្បីឆ្លើយតប នឹងគ្រាប់រ៉ុក្កែតដែលបាញ់ចេញពីតំបន់ហ្គាហ្សានិងបានវាយប្រហារភាគខាងត្បូង ប្រទេសអ៊ីស្រាអែល បណ្តាលឱ្យខូចខាតផ្ទះមួយខ្នង ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។

គួរបញ្ជាក់ថា ការកើនឡើងនៃអំពើហឹង្សា ក្នុងប្រទេសអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន បានបង្កើនភាពភ័យខ្លាច ចំពោះការរុញច្រាន ឲ្យត្រឡប់ទៅរកជម្លោះកាន់តែធំ។ចាប់តាំងពីខែមីនាមក កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់២៩នាក់ នៅក្នុងការវាយឆ្មក់ នៅឯតំបន់វេសបេង (West Bank) ខណៈដែលការវាយប្រហារតាមដងផ្លូវ ក៏បានសម្លាប់មនុស្ស១៤នាក់ នៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ៕