(កៀវ)៖ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ (UNHCR) នៅថ្ងៃពុធនេះ បានឱ្យដឹងថា មនុស្សសរុបលើស ៥លាននាក់ហើយ ដែលបានរត់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន គិតចាប់តាំងពីរុស្ស៉ីបានបើកការវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ជាពេលដែលរុស្ស៉ីបានចាប់ផ្តើមប្រតិបត្តិការយោធាលើអ៊ុយក្រែន រហូតមកទល់ថ្ងៃទី២០ ខែមេសានេះ ទិន្នន័យពីវែបសាយ UNHCR បង្ហាញថា ចំនួនប្រជាជនអ៊ុយក្រែនដែលរត់ចេញពីប្រទេស បានកើនដល់ ៥,០៣៤,៤៣៩នាក់ ដោយក្នុងនោះ២.៨លាននាក់ បានភៀសទៅកាន់ប៉ូឡូញ។

គួរបញ្ជាក់ថា ក្រៅពីនេះ មនុស្ស៧.១លាននាក់ផ្សេងទៀត ក៏បានព្រាត់ប្រាសពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងអ៊ុយក្រែនផ្ទាល់ផងដែរ។ សរុបមកវិញ តួលេខនេះមានន័យថា ជាង២៧ភាគរយ នៃចំនួនប្រជាជនប្រមាណ៤៤លាននាក់របស់អ៊ុយក្រែន បានរត់ចេញពីប្រទេស ឬក៏ព្រាត់ប្រាសពីលំនៅឋាន នៅក្នុងប្រទេសផ្ទាល់ គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង៕