(ញូវដែលី)៖ ឥណ្ឌាបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលគ្រូស «supersonic» ប្រាម៉ូស (BrahMos) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលជាមីស៊ីលត្រូវបានអភិវឌ្ឍសម្រាប់បំពាក់លើយន្តហោះចម្បាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការនៅលើគេហទំព័ររបស់រដ្ឋាភិបាលឥណ្ឌានៅថ្ងៃពុធនេះ, មីស៊ីល BrahMos ត្រូវបានបាញ់ចេញពីយន្តហោះចម្បាំង Su-30 ហើយការធ្វើតេស្ដនេះធ្វើឡើងនៅឯឆ្នេរសមុទ្រភាគខាងកើតនៃប្រទេស។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថាមីស៊ីលបានវាយប្រហារ ចំគោលដៅ ដែលបានកំណត់។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ឥណ្ឌា បានចាប់ផ្តើមធ្វើកំណែថ្មីលើមីស៊ីល BrahMos សម្រាប់បំពាក់លើយន្ដហោះចម្បាំង ហើយគ្រោងនឹង ដំឡើងវានៅលើយន្តហោះចម្បាំង Su-30 ជាង៤០គ្រឿង។ BrahMos ជាមីស៊ីលគ្រូសល្បឿនលឿនជាងសំឡេង ដែលផលិតនៅក្រោមកម្មវិធី អភិវឌ្ឍរួមគ្នារវាងឥណ្ឌា និងរុស្ស៉ី (Indo-Russian BrahMos Aerospace Joint Venture)។ មីស៊ីលនេះត្រូវបានបាញ់សាកល្បងជាលើកដំបូង កាលពីឆ្នាំ២០០១៕