(ប៉េកាំង)៖ លោកXi Jinping ប្រធានរដ្ឋចិនបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកទី២៥ នៃគណៈកម្មាធិការកំណែទម្រង់ ដោយស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ នៃមជ្ឈិមបក្សកុម្មុយនីស្ដចិន និងបានគូសបញ្ជាក់ថាត្រូវបង្កើនកសាងរដ្ឋាភិបាលឌីជីថល។

លោក Xi Jinping ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មធិការកំណែទម្រង់ ដោយស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ នៃមជ្ឈិមបក្សកុម្មុយនីស្ដចិន អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំលើកទី២៥ នៃគណៈកម្មធិការនេះ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

កិច្ចប្រជុំនេះបានពិនិត្យនិងអនុម័តលើឯកសារទាំង៥ រួមមាន៖ «យោបល់ណែនាំស្តីអំពីការបង្កើនកសាងរដ្ឋាភិបាលឌីជីថល» និង «មធ្យោបាយការងារខាងការកែសម្រួល នូវប្រព័ន្ធគាំទ្រច្នៃប្រឌិតហិរញ្ញវត្ថុ ក្នុងរយៈពេលផែនការ៥ឆ្នាំលើកទី១៤» ជាដើម។

លោក Xi Jinping បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំថា ត្រូវតែអនុវត្តទាំងស្រុងនូវយន្តការ ធ្វើឱ្យប្រទេសកាន់តែខ្លាំងក្លា ជំរុញដំណើរការរដ្ឋាភិបាលឌីជីថលនិងរដ្ឋាភិបាលឆ្លាតវៃ ជំរុញការកសាងទីផ្សាររួមទូទាំងប្រទេស ឱ្យកាន់តែឆាប់រហ័សនិងជំរុញអភិវឌ្ឍ ដោយមានគុណភាពខ្ពស់ ត្រូវជំរុញដល់មន្ត្រីនិងថ្នាក់ដឹកនាំឱ្យទទួលខុសត្រូវ ចំពោះការគ្រប់គ្រងទ្រព្យសម្បត្តិធនធានធម្មជាតិ និងការពារប្រព័ន្ធអេកូឡូស៊ី ត្រូវកែសម្រួលប្រព័ន្ធគាំទ្រច្នៃប្រឌិតហិរញ្ញវត្ថុ លើកទឹកចិត្តដល់អ្នកបច្ចេកទេសទាំងឡាយ ឱ្យបញ្ចេញសមត្ថភាពយ៉ាងពេញទំហឹងដោយរៀងៗខ្លួន៕