(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងកោះប្រជុំក្រុមមេដឹកនាំយោធាកំពូលរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នៅក្នុងការជួបជុំប្រចាំឆ្នាំ នៅឯសេតវិមានដែលមានសារៈសំខាន់ជាពិសេស ស្របពេលសង្រ្គាមនៅអ៊ុយក្រែន ឈានចូល ដំណាក់កាលថ្មីដ៏ប្រថុយប្រថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិបានឱ្យដឹងថា «ប្រធានបទផ្សេងៗគ្នា» នឹងត្រូវបានពិភាក្សាដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin), នាយអគ្គសេនាធិការយោធាចម្រុះអាមេរិក លោកឧត្តមសេនីយ៍ ម៉ាក មីលលី (Mark Milley) និងក្រុមមេដឹកនាំយោធា អាមេរិកកំពូលៗជាច្រើនរូបទៀត។

កិច្ចប្រជុំនេះកើតមានឡើងចំពេលមានចម្ងល់អំពីអនាគត នៃកងកម្លាំងអង្គការណាតូ (NATO) នៅទ្វីបអឺរ៉ុប រួមទាំងថាតើត្រូវដាក់ឱ្យពួកគេ ឈរជើងអចិន្ត្រៃយ៍ នៅតាមបណ្ដោយព្រំដែនភាគខាងកើតរបស់សម្ព័ន្ធមិត្ត ដែលជាប់ជាមួយរុស្ស៊ីដែរឬយ៉ាងណា។

គួរបញ្ជាក់ថា រុស្ស៊ីបាននិយាយថា ខ្លួនបានឈានចូលដំណាក់កាលថ្មីនៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ហើយកំពុងស្វែងរកវិធីសាស្រ្តដើម្បី «រំដោះ» តំបន់ដុនបាស់ (Donbas) ដែលស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ សម្ព័ន្ធមិត្តលោកខាងលិចរំពឹងថាយុទ្ធនាការរបស់រុស្ស៊ីអាច អូសបន្លាយច្រើនខែ រហូតធ្វើឱ្យឈានទៅដល់ការជាប់គាំង និងសាកល្បងសមត្ថភាពសមរភូមិប្រយុទ្ធរបស់យុទ្ធជនអ៊ុយក្រែន។ សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងប្រកាសកញ្ចប់ជំនួយយោធាមួយទៀតសម្រាប់ប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ ដែលអាចស្មើនឹង៨០០លានដុល្លារ ដែលបានសន្យាកាលពីសប្តាហ៍មុន៕