(កៀវ)៖ មេបញ្ជាការម្នាក់នៃកងទ័ពម៉ារីនអ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី ក្នុងទីក្រុងម៉ារីយូប៉ូល (Mariupol) បាននិយាយថាកងទ័ពរបស់លោកកំពុងប្រឈមមុខនឹងសេចក្ដីស្លាប់ ខណៈទីក្រុងមូស្គូបានដាក់ឱសានវាទជាថ្មីឱ្យពួកគេទម្លាក់អាវុធសុំចុះចាញ់ បើសិនជាចង់នៅមានជីវិតរស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើ Facebook នៅថ្ងៃពុធនេះ ជាមួយការដង្ហោយរកជំនួយ, លោក ស៊ែរហ៊ី វ៉ូលីណា (Serhiy Volyna) ដែលជា មេបញ្ជាការនៃកងពលម៉ារីនទី៣៦ របស់អ៊ុយក្រែនបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «សត្រូវមានគ្នាច្រើនជាងយើង ប្រៀបដូចជា១០ ទល់នឹង១ ហើយយើងកំពុងប្រឈមមុខនឹងថ្ងៃចុងក្រោយរបស់ពួកយើង»

គួរបញ្ជាក់ថា បើតាមភាគីរុស្ស៉ី កងទ័ពអ៊ុយក្រែន ២,៥០០នាក់ និងទាហានស៊ីឈ្នួលបរទេស ៤០០នាក់ កំពុងស្ថិតនៅក្នុងរោងចក្រដែក Azovstal នៃទីក្រុងម៉ារីយូប៉ូល ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ ខណៈអ៊ុយក្រែនក៏បានអះអាងដែរថាមានជនស៊ីវិល ១,០០០នាក់ កំពុងស្ថិតនៅក្នុងរោងចក្រនេះ និងអំពាវនាវឱ្យយកពួកគេចេញទៅកន្លែងមានសុវត្ថិភាព៕